(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយអង្គការមនុស្សចាស់ និងសមាគមនិរន្តរភាពដី ដើម្បីជីវិត រួមនឹងភាគីពាក់ព័ន្ធ រៀបចំយុទ្ធនាការរយៈពេល១០ ម៉ោង ក្រោមប្រធានបទ «របបអាហារត្រឹមត្រូវ នាំមកនូវសុខភាពល្អ» ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ដែលជាក្រុមងាយរងគ្រោះ ឱ្យយល់ដឹងពីការទទួលទានរបបអាហារដែលត្រឹមត្រូវ ការថែទាំសុខភាព ជៀសផុតពីជំងឺផ្សេងៗជាពិសេសជំងឺមិនឆ្លង។
យុទ្ធនាការនេះ បានរៀបចំឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ នៅខេត្តបាត់ដំបង ស្របពេលជាមួយទិវាសុខភាពពិភពលោក លើកទី៧៧ ដោយមានការចូលរួមពីប្រជាពលនៅខេត្តបាត់ដំបងប្រមាណជាង១០០នាក់ ដែលភាគច្រើន គឺជាមនុស្សចាស់។
លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា ការរៀបចំយុទ្ធនាការនេះឡើង ដោយសង្កេតឃើញថា បញ្ហាជំងឺមិនឆ្លងកំពុងគម្រាមកំហែងយ៉ាងខ្លាំងដល់សុខភាពសាធារណៈ ជាពិសេសក្នុងចំណោមប្រជាជនដែលមានវ័យចាស់។ ហើយជារៀងរាល់ឆ្នាំ មានមនុស្សយ៉ាងហោចណាស់ប្រមាណ ៤១លាននាក់ដែលបានស្លាប់ដោយសារជំងឺមិនឆ្លង ក្នុងនោះរួមមានមនុស្សប្រមាណ ១៥លាននាក់ ដែលមានអាយុចន្លោះពី ៣០ ទៅ ៦៩ ឆ្នាំ។ ហើយជាង៨៥% នៃការស្លាប់មុនអាយុដែលបណ្តាលមកពីជំងឺមិនឆ្លងនេះ គឺកើតមានភាគច្រើននៅក្នុងចំណោមប្រទេសដែលចំណូលទាប និងមធ្យម។ ក្នុងចំណោមអ្នកដែលស្លាប់ដោយសារជំងឺនៅកម្ពុជា មានប្រមាណ ៥៩,៩០០នាក់ ឬស្មើនឹង ៦៤% បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារប្រភេទនៃជំងឺមិនឆ្លងនេះ។
លោកមានប្រសាសន៍ថា «យុទ្ធនាការនាថ្ងៃនេះ នឹងចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺមិនឆ្លង បង្កើនការយល់ដឹង អំពីការថែទាំសុខភាព និងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនយើង ឱ្យបានរស់នៅប្រកបដោយសុខភាព និងសុខុមាលភាព។ ខ្ញុំក៏សូមយកឱកាសនេះអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបងប្អូននាំយកនូវសារអប់រំសុខភាព ដែលបានផ្សព្វផ្សាយនាយុទ្ធនាការនេះ បន្តទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍យើង ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមផ្លាស់ប្តូរឥរិយាបថ ដើម្បីបង្ការជំងឺមិនឆ្លងទាំងអស់គ្នា»។
លោក ទុំ វីរ៉ា នាយកប្រតិបត្តិ អង្គការមនុស្សចាស់ បានលើកឡើងថា ការរៀបចំយុទ្ធនាការ គឺត្រូវជាមួយនឹងបរិបទកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលជួបប្រទះបញ្ហាប្រឈម២ គឺការកើនឡើងនៃប្រជាជនដែលមានវ័យចាស់ និងការកើនឡើងនៃអ្នកដែលកើតជំងឺមិនឆ្លង។
លោកសង្កេតឃើញថា ការកើនឡើងនៃអ្នកកើតជំងឺមិនឆ្លងនេះ គឺដោយឥរិយាបទរបស់ប្រជាពលរដ្ឋ និងការទទួលទានអាហារ។ ហេតុនេះហើយ លោកលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសមនុស្សមានវ័យចំណាស់ ជ្រើសរើសអាហារដែលមានសុវត្ថិភាព ដូចជាបន្លែដែលដាំដុះ ដោយមិនប្រើប្រាស់សារធាតុគីមី និងអាហារសេរីរាង្គ ,យកចិត្តទុកដាក់លើកកម្រិតនៃការបរិភោគ កុំបរិភោគអាហារដែលមានជាតិប្រៃខ្លាំង ផ្អែមខ្លាំង និងមានខ្លាញ់ច្រើន ដែលអាចធ្វើឱ្យគាត់មានសុខភាពល្អ និងមិនងាយប្រឈម នឹងជំងឺមិនឆ្លង។
លោកបន្ថែមយុទ្ធនាការថ្ងៃនេះដែរ ក៏ផ្សារភ្ជាប់ជាមួយនឹងការជំរុញការដាំដុះបន្លែសុវត្ថិភាព និងបន្លែសេរីរាង្គ និងជំរុញឱ្យមានការគាំទ្របន្លែដែលផលិតដោយមនុស្សចាស់ផងដែរ។
បើយោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ការចំណាយលើការថែទាំសុខភាពរបស់រដ្ឋាភិបាលកម្ពុជា ទៅលើជំងឺមិនឆ្លង មានចំនួនប្រមាណ ៣៤៣លានរៀល ឬស្មើ ៨៥លានដុល្លារ។ របាយការណ៍នេះ ក៏បានបង្ហាញថា ជំងឺមិនឆ្លងជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពនៅកម្ពុជា។ កត្តាហានិភ័យ នាំឱ្យកើតជំងឺមិនឆ្លងនេះ គឺមកពីការទទួលទានអាហារមិនល្អដល់សុខភាព ការពិសាបារី ការផឹកស្រាហួសកម្រិត ការលើសទម្ងន់ ជាពិសេសជាតិស្ករក្នុងឈាមខ្ពស់ និងសម្ពាធឈាមខ្ពស់ជាដើម៕