(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ឮនេះ ក្រុមអតីតសិស្សមកពីវិទ្យាល័យ សុខ អាន ត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ និងមកពីវិទ្យាល័យឧត្តម សាន មុនី ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងបឋមសិក្សាត្រាំខ្នា ក្រោមគំនិតផ្តួចផ្តើម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ លោកគ្រូ អ្នកគ្រូសិស្សប្រម៉ាណជិត៥០០នាក់ ធ្វើងឡើងក្នុងវិទ្យាល័យ សុខ អាន ភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ត្រី មាស ប៊ុង មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានពាំនាំនៅការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោកបណ្ឌិត ណុប រតនា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ជាមួយគ្នានេះបានឧបត្ថម្ភក្នុងកម្មវិធីជួបជុំបាយសាមគ្គីសម្រាប់លោកគ្រូ អ្នកគ្រូ និងអតីតសិស្សទាំងអស់ ។

លោកឧត្តមសេនីយ៍ត្រី មាស ប៊ុង បានលើកឡើងបន្តថា ការជួបជុំនេះបង្ហាញពីទឹកចិត្តដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនយើងខ្ញុំទាំងអស់គ្នាឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ មានការងារល្អសម្រាប់ចិញ្ចឹម ជីវិត ដូចសព្វថ្ងៃនេះ ។ពិតមែនតែមិត្តភក្តិខ្លះជាមន្ត្រីរាជការមានតួនាទីក្នុងការងារ ខ្លះទៀតជាអ្នករកស៊ី លក់ដូរ តែពួកយើងខ្ញុំទាំងអស់គ្នា នៅតែចងចាំជានិច្ចនូវគុណណូបការៈរបស់លោកនាយក នាយករង លោកគ្រូ អ្នកគ្រូទាំងអស់មិនអាចបំភ្លេចបានឡើយ ។

លោកឧត្តមសេនីយ៍ត្រី សង្កត់ធ្ងន់ថា ដោយសារគុណសម្បត្តិនៃការលះបង់ដ៏ធំធេង របស់លោកគ្រូ អ្នកគ្រូដែលបានបង្ហាត់បង្រៀនអប់រំទូន្មានដល់យើងខ្ញុំ ទើបពួកយើងខ្ញុំទាំងអស់គ្នាមានថ្ងៃនេះ។ ដើម្បីជាការតបស្នង រំលឹកគុណដល់លោកអ្នកមានគុណ ទើបពួកយើងខ្ញុំជា អតីតសិស្ស មាន គោលបំណងមូលគំនិតគ្នាបង្កើតកម្មវិធីនៃការជួបជុំអតីតសិស្សនេះឡើងដើម្បីប្រមូលថវិកា ពីមិត្តភក្តិទាំងអស់គ្នាមកជួយទ្រទ្រង់ដល់សាលា និងលោកគ្រូអ្នកគ្រូវិញ ។

ក្នុងពិធីជួបជុំអតីតសិស្សបានឧត្តមជូនលោកគ្រូ អ្នកគ្រូ នាយកសាលាទាំង៣ ពិសាបាយសាមគ្គីរួមគ្នា និងជូនវត្ថុអនុស្សាវរីយ៍ ដល់លោកគ្រូ អ្នកគ្រូ និងចែកកង់ចំនួន៦គ្រឿងដល់សិស្សខ្វះខាតផងដែរ ៕