(កំពង់ឆ្នាំង)៖ លោក កែវ វណ្ណដេត មេបញ្ជាការកងទ័ពជើងអាកាស តំណាងលោកបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង បានដាស់តឿន និងក្រើនរម្លឹកអាជ្ញាធរធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ។
លោកបានរម្លឹកបែបនេះ ក្នុងឱកាសរដ្ឋបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៥ រៀបចំពិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពី៩ឃុំក្នុងស្រុកកំពង់លែងទាំងមូល ដែលមានប្រជាពលរដ្ឋមកចូលរួមចំនួន៩៩គ្រួសារ។ ពិធីនេះបានរៀបចំនៅក្នុងសាលាស្រុកកំពង់លែង ក្រោមអធិបតីភាពលោក កែវ វណ្ណដេត និងដោយមានការអញ្ជើញចូលរួមពីលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោក-លោក ស្រីអភិបាលរងស្រុក លោកមេបញ្ជាការ-មេបញ្ជា ការរង និងលោកអធិការ-អធិការរង-នាយប៉ុស្តិ៍នគរ បាលរដ្ឋបាល និងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងនោះដែរ លោកមេបញ្ជាការក៏បានកើ្រនរំលឹកបន្ថែមទៀត ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដោយត្រូវធ្វើយ៉ាងណាខិតខំដោះស្រាយនូវរាល់ទំនាស់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានបន្ថែមទៀត ពិសេសត្រូវពិនិត្យសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មាន ដើម្បីធ្វើការសម្របសម្រួលដោះស្រាយ រាល់វិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការ ដែលអាចធ្វើទៅបាន និងត្រូវឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ពិសេសត្រូវបង្កើតវេទិកាសាធារណៈ ដើម្បីទទួលនូវសំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋយកមកដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនេះ លោក កែវ វណ្ណដេត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមក្នុងពិធីចំណេះសំណាលនាថ្ងៃនេះ ប្រកបដោយមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីថ្នាក់ដឹកនាំ។ ក្នុងនោះលោកមេបញ្ជាការក៏បានថ្លែងនូវការកោតសរសើរនិងវាយម្លៃខ្ព ស់ដល់ថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រធានក្រុមប្រឹក្សាឃុំទាំង៩ នៅក្នុងស្រុកកំពង់លែង ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បម្រើ ការពារ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋដើម្បីឆ្លើយតបសំណើ សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
លោកមេបញ្ជាការ បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវ ត្ថិភាព គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋកន្លងមក បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមគោលនយោ បាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដែលធ្វើឲ្យប្រជា ពលរដ្ឋទទួលបានភាពកក់ក្តៅនិងមានជំនឿជឿជាក់មកលើអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង។
ក្នុងឱកាសនោះដែរ រដ្ឋបាលស្រុកកំពង់លែង ក៏បានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋទាំង៩៩គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងថវិកា ៦ម៉ឺនរៀល។ ចំណែក ថវិកា៦ម៉ឺនរៀលនេះ គឺបានមកពីរដ្ឋបាលស្រុក៣ម៉ឺនរៀល លោកបណ្ឌិត សឹង សំណាង ២ម៉ឺនរៀល និងគ្រូបង្ហាត់ភាសាកូរ៉េប្រចាំស្រុកកំពង់លែង ចំនួន១ម៉ឺនរៀល ក្នុង១គ្រួសារផងដែរ៕