(ភ្នំពេញ)៖ បើទោះបីបារាំងបានផ្តល់សិទ្ធិឱ្យវៀតណាម គ្រប់គ្រងទឹកដីខ្មែរក្រោមរយៈពេលជិត៨ទសវត្សរ៍ទៅហើយក្តី តែព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមនៅតែបន្តគោរពប្រណិប័តន៍ និងប្រឹងប្រែងជ្រោងទង់ព្រះពុទ្ធសាសនាឱ្យឈរយ៉ាងរឹងមាំ។ មិនត្រឹមតែប្រឹងប្រែងរក្សាឱ្យព្រះពុទ្ធសាសនាឱ្យស្ថិតនៅប៉ុណ្ណោះទេ ថែមទាំងបានប្រឹងប្រែងកសាងទីអារាម ព្រះវិហារ ដែលជាទីសក្ការៈបូជាដល់ព្រះពុទ្ធសាសនា និងជាទីគោរពប្រណិប័តន៍របស់ប្រជាពុទ្ធបរិស័ទថែមទៀត។
វត្តប្រទក្សិលានិគ្រោធ ហៅវត្តចុងព្រៃ ស្ថិតនៅឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ទឹកដីខ្មែរក្រោម ដែលកសាងឡើងតាំងពីឆ្នាំ១៨៨៥មកនោះ ទើបនឹងបានសាងសង់ព្រះវិហារថ្មីសន្លាងមួយ ដោយចំណាយពេលប្រមាណជា៥ឆ្នាំ។ បន្ទាប់ពីសាងសង់រួចរាល់ ព្រះចៅអធិការ គណៈកម្មការវត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តបានមូលមតិរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ៨កើត ដល់១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ដល់ទី៧ ខែមេសា ឆ្នាំ២០២៥។
ពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារថ្មី បានប្រព្រឹត្តទៅតាមបែបបទប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ហើយបាននិមន្តព្រះសង្ឃពីវត្ត៤៦៣វត្តនៅទឹកដីខ្មែរក្រោមចូលរួមផងដែរ។
កាន់តែពិសេសថែមទៀតនោះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារថ្មីនេះ ក៏មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមប្រឹក្សាផ្ទាល់គណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តសម្តែងព្រះធម៌ទេសនានាយប់ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសានេះ។
ក្នុងឱកាសនិមន្តទៅសម្តែងព្រះធម៌ទេសនាលើទឹកដីខ្មែរក្រោមនេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បាននិមន្តសំណេះសំណាលជាមួយថ្នាក់ដឹកនាំសង្ឃតាមបណ្តាវត្តនានាក្នុងខេត្តព្រះត្រពាំងផងដែរ។
សូមរំលឹកថា ក្រោយពេលមានអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តនៅទឹកដីខ្មែរក្រោមកាលពីឆ្នាំ២០២៤ ផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេសង្កេតឃើញមានការប្រាស្រ័យទាក់ទង និងការរៀបចំកម្មវិធីនានាផ្នែកព្រះពុទ្ធសាសនានៅទឹកដីកម្ពុជា និងនៅខ្មែរក្រោម មានសកម្មភាពផុលផុសគួរឱ្យកត់សម្គាល់។
តាមរយៈការប្រាស្រ័យទាក់ទងរវាងព្រះសង្ឃនៅទឹកដីកម្ពុជា និងព្រះសង្ឃនៅខ្មែរក្រោម ជាការរួមចំណែកដល់កិច្ចពង្រឹងវិស័យព្រះពុទ្ធសាសនានៅលើទឹកដីខ្មែរក្រោមឱ្យកាន់តែរឹងមាំថែមទៀត៕