(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកឱ្យដំណើរការ «សង្ក្រាន្តវិទ្យាល័យពោធិ៍សាត់» ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ គ្រឹស្តសករាជ២០២៥ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។
លោក ជា ឡេងឃួន នាយកវិទ្យាល័យពោធិ៍សាត់ ជម្រាបជូនថាវិទ្យាល័យពោធិ៍សាត់ បានកើតឡើងនៅឆ្នាំ១៩៥៦ រហូតមកដល់បច្ចុប្បន្នមានអាគារ ចំនួន១០ខ្នង ស្មើនឹង៨៣បន្ទប់, បុគ្គលិកចំនួន១០៧នាក់, សិស្សានុសិស្សចំនួន២១២៧នាក់ ចែកចេញជាវិទ្យាសាស្ត្រមាន៧ថ្នាក់, សិស្សចំនួន៣១៣នាក់ និងវិទ្យាសាស្ត្រសង្គម មាន៨ថ្នាក់, សិស្សចំនួន៣៥២នាក់។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យពោធិ៍សាត់ មានការអភិវឌ្ឍន៍ដូចជាធ្វើការជួសជុលអគារអាមេរិក, របង, ក្លោងទ្វារ, លាបថ្នាំ, ចាក់ដីលុបស្រះ, ធ្វើលូរំដោះទឹក, បំពាក់កាម៉េរា ដែរទាំងអស់នេះ បានមកពីការចូលរួម របស់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល សាស្ត្រាចារ្យ អាជ្ញាធរមូលដ្ឋាន ជាពិសេសលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ហើយថ្មីៗនេះទទួលបានពាន់រង្វាន់ ស្តង់ដារសាលារៀនគម្រូ ក្នុងឆ្នាំសិក្សា២០២៣-២០២៤។ លោកនាយកបានថ្លែងទៀតថា ឆ្នាំនេះក្រុមយុវជនសិស្សវិទ្យាល័យពោធិ៍សាត់ បានរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ដែលមានទេវតាព្រះនាម គោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម ក្នុងគោលបំណងចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងបង្កើតភាពស្និទ្ធស្នាល ផ្តល់នូវភាពរីករាយក្រៃលែង។
ថ្លែងក្នុងឱកាសបើកដំណើរការ សង្ក្រាន្តវិទ្យាល័យពោធិ៍សាត់នាថ្ងៃនេះ លោក ខូយ រីដា បានកោតសរសើរ ចំពោះក្រុមការងារ លោកគ្រូ អ្នកគ្រូ យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានរួមគ្នា រៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យ ក្នុងក្រុងពោធិ៍សាត់នេះឡើង ញ៉ាំងបរិកាសឱ្យសប្បាយរីករាយ។ លោកសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កូនៗក្មួយៗ ប្រកបដោយសាមគ្គីភាព ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះឡើង ដោយភាពច្នៃប្រឌិត បង្កើតបានជារូបភាពល្អៗ ដើម្បីទាក់ទាញអ្នកចូលរួមមកលេងកម្សាន្តពីគ្រប់ក្រុងស្រុក។ ទាំងនេះបង្ហាញឱ្យឃើញពីការចូលរួមចំណែក ក្នុងការកែលម្អសោភណភាព និងសកម្មភាពនានា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង។ ពិតណាស់ផ្អែកតាមការពិនិត្យជាក់ស្តែង លោកឃើញថា បរិស្ថានអនាម័យ ក្នុងបរិវេណវិទ្យាល័យពោធិ៍សាត់ គឺស្អាតល្អ សបញ្ជាក់ឱ្យឃើញពីការយល់ដឹង និងចូលរួមក្នុងការទុកដាក់សំរាមបានល្អប្រសើរ។
លោកបន្តថា ស្របតាមអនុប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត រៀបចំកម្មវិធីសង្ក្រាន្តរៀងៗខ្លួន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនោះ, រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលឆ្នាំថ្មីនាពេលខាងមុខ ដោយមានការរៀបចំភ្លើងលម្អ តាមសួនច្បារ ផ្លូវសាធារណៈ និងរៀបចំកម្មវិធីសប្បាយផ្សេងៗ បាញ់កាំជ្រួច លេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ នៅលើបុរីវប្បធម៌កោះសំពៅមាស និងនៅមុខសាលាខេត្តពោធិ៍សាត់ផងដែរ។
លោកបានបន្ថែមថា តាមរយៈការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដែលប្រជាជនយើងបានរៀបចំជារៀងរាល់ឆ្នាំ បានឆ្លុះបញ្ចាំងពីតម្លៃ នៃសន្តិភាព និងការឯកភាពជាតិពេញលេញ កើតចេញពីស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន បាននាំមកនូវសន្តិភាព និងការរីកចម្រើន លើគ្រប់វិស័យទូទាំងប្រទេសកន្លងមកនេះ។ កត្តាសន្តិភាពនេះហើយ ដែលនាំឱ្យខេត្តពោធិ៍សាត់ទទួលបានភាពរីកចម្រើន និងការអភិវឌ្ឍគួរជាទីមោទនៈ ដោយក្នុងនោះ យើងសម្រេចបានសមិទ្ធផលល្អៗ និងទទួលបានការវិនិយោគសំខាន់ៗជាច្រើន ហើយបានបង្កើតការងារបានកាន់តែប្រសើរឡើង ជូនដល់ប្រជាពលរដ្ឋ ពិសេសសម្រាប់ស្រទាប់យុវជន។ ក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងខេត្ត ត្រូវបានសាងសង់ ជាបន្តបន្ទាប់ ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងភាពប៉ិនប្រសព្វ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ប្រភេទ យកចិត្តទុកដាក់ពង្រឹង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កបរិយាកាសល្អប្រសើរ អំឡុងពេលព្រឹត្តិការណ៍ «សង្ក្រាន្តវិទ្យាល័យពោធិ៍សាត់» និងនៅខេត្តយើង។ ជាមួយគ្នានេះ លោកសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ គ្រប់គ្រង និងក្តាប់ស្ថានការណ៍ព្រឹត្តិការណ៍សង្ក្រាន្តយើង ឱ្យខាងតែបាន ក្នុងករណីមានបញ្ហាអសន្តិសុខ អនាធិបតេយ្យ និងភាពមិនប្រក្រតី ត្រូវចាត់វិធានការរដ្ឋបាល ឬអនុវត្តច្បាប់ រួចធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់។ លោកសូមអំពាវនាវ លោកគ្រូ អ្នកគ្រូ ក្មួយៗ យុវជន សិស្សានុសិស្ស សូមចូលរួមសកម្មភាពតាមដែលអាចធ្វើទៅបាន ជាមួយអាជ្ញាធរយើងឱ្យកាន់តែជិតស្និទ្ធ និងញ៉ាំងឱ្យកម្មវិធី សង្ក្រាន្តយើងប្រព្រឹត្តទៅដោយភាពរីករាយ និងអធិកអធម។
ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំជូនពរ, របាំទទួលទេវតាឆ្នាំថ្មី, ការសម្តែងរបាំត្រុដិ, ការសម្តែងក្បាច់គុណល្បុក្កតោ, ការបង្ហាញចង្វាក់រាំ «ស្រលាញ់អ្វីដែលខ្មែរមាន», ពិធីរំលឹកគុណគ្រូ ព្រមទាំងអញ្ជើញគណៈអធិបតី ភ្ញៀវកិត្តិយស ទស្សនាភូមិវប្បធម៌ និងលេងល្បែងប្រជាប្រិយខ្មែរ វាយក្អម, ទាញព្រ័ត្រ, លាក់កន្សែង, បោះអង្គុញ ដោយឡែកនាពេលរសៀល ក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ការច្រៀងរាំ និងដើរបង្ហាញម៉ូតផងដែរ៕