(កណ្ដាល)៖ ទោះក្នុងវេលា និងកាលៈទេសៈណាក៏ដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅតែគិតគូរជាប់ជានិច្ចនូវសុខទុក្ខ ក៏ដូចជាការខ្វះខាតរបស់ព្រះសង្ឃនៅតាមទីវត្ដអារាម, ជាក់ស្ដែងព្រះសង្ឃគង់នៅវត្ដប្រជុំនទី ហៅវត្ដប្រពើហា នៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មានព្រះសង្ឃជាង៣០០អង្គ បាននឹងកំពុងបំពេញនូវវិជ្ជា ជាហេតុដែលនាំឱ្យងាយរងនូវផលប៉ះពាល់យ៉ាងខ្លាំងចំពោះតម្រូវការប្រចាំថ្ងៃ ទាំងការសិក្សារៀនសូត្រ និងចង្ហាន់ជាដើម។
ដូច្នេះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នាំយកនូវទេយ្យវត្ថុជាច្រើន ប្រគេនព្រះសង្ឃដែលកំពុងគង់នៅវត្ដក្រពើហា។
ការប្រគេននូវទេយ្យវត្ថុខាងលើនេះ បានធ្វើឡើងបន្ទាប់ពីទីសា្នក់កណ្ដាលកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានមកដល់នាពេលដ៏ឆាប់ខាងមុខនេះ ដែលដឹកនាំលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
នាឱកាសនោះលោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានមានប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃក្នុងវត្ដអារាមខាងលើ។
សម្រាប់ទេយ្យទានប្រគេនដល់វត្តប្រជុំនទីនាពេលនេះ រួមមាន៖ អង្ករ៥តោន, មី៥០កេស, ត្រីខ៥កេស, ស្ករស២៥គីឡូ ក្រាម, ភេសជ្ជៈ២០កេស, ទឹកបរិសុទ្ធ១០កេស, មៀនកំប៉ុង២កេស, ទឹកដោះគោខាប់២កេស, អូវ៉ាន់ទីន២កេស, តែ ២គីឡូក្រាម, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ត្រីងៀត១០គីឡូក្រាម,សាច់ក្រក ១០គីឡូក្រាម និងបច្ច័យចំនួន ៤០,០០០,០០០រៀល។
ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តក្រពើហា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្ដរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា មិនថានៅវេលាណាក៏ដោយ តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា រួមទាំងព្រះសង្ឃនៅតាមវត្ដអារ៉ាម ។ទឹកចិត្ដដ៏ជ្រះថ្លា និងបរិសុទ្ធគ្មានពីរ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានជួយជាកម្លាំងចិត្ដដល់ព្រះសង្ឃ ក៏ដូចជាការចូលរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនរុងរឿង។
នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ព្រះចៅអធិការវត្តក្រពើហា បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន និងបុត្រា បុត្រី និងចៅៗ
សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ទន្ទឹមនឹងនោះព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន និង កុមារ ហ៊ុន កំសត់ កូនប្រុសបង្កើត សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។
គូររម្លឹកថា វត្ដប្រជុំនទី ហៅវត្ដក្រពើហានេះ មានសាមណសិស្សជាង ៣០០អង្គកំពុងបំពេញវិជ្ជា ដែលធ្វើឱ្យវត្ដអារាមត្រូវចំណាយ និងមានតម្រូវការផ្គត់ផ្គង់ច្រើន ហើយងាយរងនូវភាពខ្វះខាត បានជាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គិតគូរជាប់ជានិច្ច ហើយកាលពីឆ្នាំ២០២៤កន្លងទៅ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានសម្រេចប្រគេនទេយ្យវត្ថុ រួមទាំងបច្ច័យប្រគេនព្រះសង្ឃក្នុងវត្ដក្រពើហាខាងលើនេះ ៣ដងក្នុងមួយឆ្នាំ ហើយការវេរប្រគេននាថ្ងៃនេះ ជាចំណែកមួយផងដែរ។
ការគិតគូរគ្រប់ជ្រកល្ហករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានេះហើយ ដែលធ្វើឱ្យប្រជាជនកម្ពុជា មានការស្ងើចសរសើរជាខ្លាំង និងបានប្រសិទ្ធនាម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា«មាតាមនុស្សធម៌»៕