(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវ​រ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ​ជាមួយតំណាងបណ្តាប្រទេស អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ដែលបានគាំទ្រដល់សកម្មភាពបោសសំអាតមីននៅកម្ពុជា។

ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការបំពេញការងាររបស់សម្តេច​នាយករដ្ឋមន្ត្រី។

លើបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថា សង្គ្រាម​ប្រមាណ​៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់​ផ្ទុះរាប់​លាន​គ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្ស​រាប់​សិប​ម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍​សង្គម-សេដ្ឋ​កិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដី​មាន​សុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល។

សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា សកម្មភាពមីននៅកម្ពុជា ត្រូវ​បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិ និងអន្តរជាតិ និង​ប្រទេស​ជុំវិញពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះ​ដល់​ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែល​ចូលរួមយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់​បន្ថយ​ភាពក្រីក្រនៅកម្ពុជា។ សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាង​សំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបាន​គាំទ្រ​ជាថវិកា សម្ភារ និងជំនាញ ដើម្បីគាំទ្រ និង សម្រាលបន្ទុក​របស់រាជ​រដ្ឋា​ភិបាល ក្នុងសកម្មភាពមីន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចមហាបវរធិបតី បាន​អំពាវឱ្យបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារ​សកម្មភាពមីន ជាពិសេសក្នុងគោលដៅឆ្ពោះទៅរក «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០»