(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ាបណ្ឌិត ឌួង លាង ប្រធានកិត្តិយសសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោកស្រី ព្រមទាំងលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត រួមទាំងក្រុមការងារក្លឹបយុវជន ក.ក្រ.ក. និង ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា។
ពិធីសូត្រមន្ត ប្រោះព្រំ លើករាសី នៅពេលនេះបានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធ សាសនា ដោយមានរៀបចំបូជា ទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធបដិមា និងនមសក្កាព្រះរតនត្រៃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត រួមទាំងក្រុមការងារក្លឹបយុវជន ក.ក្រ.ក. និង ស.ស.យ.ក. ឱ្យទទួលបានសិរីសួស្តី ចៀសផុតពីគ្រោះចង្រៃ ជួបតែសេចក្តីចម្រើន រុងរឿង បំពេញភារកិច្ចទទួលបានជោគជ័យ។
ក្នុងពិធីដ៏សិរីមង្គលនេះអ្នកឧកញ៉ា លី ឃុនថៃ និងឧកញ៉ា បណ្ឌិត ឌួង លាង ព្រមទាំងលោកស្រី បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំ សព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត រួមទាំងក្រុមការងារក្លឹបយុវជន ក.ក្រ.ក. និង ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបទាំងអស់ ឱ្យទទួលបាន សុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង ជោគជ័យរាល់ការបំពេញភារកិច្ចនានាក្នុងឆ្នាំថ្មីនេះ៕