(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ យុវជនលេងកម្សាន្ដក្នុងសង្ក្រាន្ដឆ្នាំថ្មី ប្រកបដោយក្រមសីលធម៌ និងរក្សាសេចក្ដីថ្លៃថ្នូរ សមរម្យជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាផ្លូវសាធារណៈ និងមិនត្រូវប្រើប្រាស់ឧបករណ៍បាញ់ទឹកណាមួយ ឬទុយោបាញ់ទឹកខ្លាំង ដែលអាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ។
បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ការលេងប៉ាតម្ស៉ៅ គប់ទឹក បាញ់ទឹក នៅតាមដងផ្លូវសាធារណៈមិនមែនជាការលេងល្បែងប្រជាប្រិយខ្មែរនោះទេ។ ទន្ទឹមនឹងនេះ ការលេងប៉ាតម្ស៉ៅ និងបាញ់ទឹក បានបង្កផលប៉ះពាល់ដូចជា ទី១៖ ទឹកមិនសូវល្អ, ទី២៖ ធ្វើឲ្យភ្ញាក់អាចដួលម៉ូតូបង្កជារបួសស្នាម និងទី៣៖ ជនមួយចំនួនឆ្លៀតឱកាសបៀតបៀនរាងកាយអ្នកដទៃ។
ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវដល់ប្រជាពលរដ្ឋ សូមយល់ដឹងពីអ្វីគួរធ្វើ និងមិនគួរធ្វើ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងសូមគាំទ្រនូវណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលរៀបចំកិច្ចការងារ ក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីនេះ ប្រកបដោយ សេវាសុខភាព សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌ប្រពៃណីខ្មែរ ដែលសមជាពិធីបុណ្យជាតិ៕
សូមទស្សនាវីដេអូសម្ភាសរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖