(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គណៈកម្មការពិសេស និងរដ្ឋបាលខេត្តភាគឦសានទាំង៤ ត្រូវបង្កលក្ខណៈងាយស្រួល និងកញ្ចប់នូវរាល់ឧបសគ្គទាំងឡាយ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការទៅបណ្ដាក់ទុនវិនិយោគរបស់អ្នកវិនិយោគ ពោលត្រូវប្រើប្រាស់អភិក្រម «រក្សាចាស់ បង្កើនថ្មី»។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យ​អនុវត្តន៍​​ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគ​ឦសាន» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំផ្នែករដ្ឋដែលត្រូវការពារថ្នាក់ថ្នមថែទាំ និងថែរក្សាវិនិយោគ, ចៀសវាងរាល់អំពើអសកម្មទាំងឡាយ ដែលបង្កការរំខានដល់ការប្រកបអាជីវកម្មរបស់ធុរជន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចឹងខ្ញុំសុំឲ្យគណកម្មការនេះ ទន្ទឹមនឹងរៀបចំត្រូវប្រស៊ីគ្នាជាមួយការកែសម្រួលនៃនីតិវិធី របស់ខេត្តទាំង៤ផង។ សូមអភិបាលនៃគណអភិបាលរៀបចំនីតិវិធីនេះ ព្រោះខេត្តយើងនៅឆ្ងាយជាងគេបានយើងរៀបចំគណកម្មការនេះទៅជួយ ប៉ុន្តែបើមិនព្រមដើរខ្លួនឯងមិនជួយរត់ខ្លួនឯងអត់មានអ្នកជួយបានទេ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ខេត្តទាំង៤នេះអភិបាលខេត្ត គណៈអភិបាលខេត្ត ត្រូវធ្វើការជាមួយយន្តការខេត្តឲ្យជាប់ រាល់ការសម្រេចទាំងអស់ គឺជាការសម្រេចប្រតិភូកម្មសិទ្ធទៅឲ្យគណកម្មការនេះ ដូច្នេះស្មើការសម្រេចរបស់ថ្នាក់ជាតិ ហើយមានសុក្រឹត្យភាពក្នុងការអនុវត្ត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំការពារវិនិយោគ ដែលមានស្រាប់បង្កើនទំនុកចិត្ត ក្នុងនាមជា «តួអង្គចូលរួមដោះស្រាយបញ្ហា មិនមែនជាអ្នកបង្កបញ្ហា» (troubleshooters not troublemakers) ហើយទំនុកចិត្តនេះ នឹងក្លាយជាការផ្សាយពាណិជ្ជកម្ម ពីមាត់មួយទៅមាត់ មួយ ដោយឯកឯងក្នុងចំណោម សហគមន៍ធុរកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ក្រុមការងារ ត្រូវបំពេញភារកិច្ចរបស់ខ្លួន ក្នុងស្មារតីជាក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីជំរុញការអនុវត្តនូវវិធានការនានា ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគនេះឲ្យសម្រេចបានជោគជ័យ និងលទ្ធផលជាក់ស្ដែងតាមការរំពឹងទុក។

លើសពីនេះ ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគនេះ ឲ្យបានទូលំទូលាយ, ធ្វើការពន្យល់ឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ, និងផ្ដល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អជាមួយវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ការយល់ដឹង និងទាក់ទាញការចូលរួមអនុវត្តពីកម្លាំងចលករសំខាន់ៗ ព្រមទាំង ខិតខំស្វែងរកគំនិតនវានុវត្តន៍ ដើម្បីបង្កើនភាពទាក់ទាញសម្រាប់ វិនិយោគិនទាំងលើទិដ្ឋភាពសមិទ្ធិលទ្ធភាពនៃពាណិជ្ជកម្ម (com mercial viability) និងគុណតម្លៃនៃខ្សែច្រវាក់ផលិតកម្ម ដែលផ្សាភ្ជាប់ជាមួយនឹងទីផ្សារ៕