(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីហេតុផលសំខាន់ពីរដែលចាំបាច់ត្រូវធ្វើការបកស្រាយក្នុងកម្រិតវិទ្យាសាស្ត្រដើម្បីជូនជាការយល់ដឹងដល់សាធារណជនជាតិ និងអន្តរជាតិ ពីទំនាក់ទំនងកម្ពុជា-ចិន។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត បានឡើងថ្លែងសន្ទរកថា ក្នុងពិធីវេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងវិបុលភាពរួម» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។
សម្រាប់ហេតុផលទី១ ត្រូវបានលោកបណ្ឌិត គិន ភា បានឱ្យដឹងថា រយៈពេលជាង២០ឆ្នាំចុងក្រោយនេះទំនាក់ទំនងកម្ពុជា-ចិន បាន ឈានមកដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរបានរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ប្រទេសចិនបានរួមវិភាគទានដ៏មានសារៈសំខាន់ក្នុង ដំណើរការស្តារ កសាង និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឡើងវិញ។ ប្រទេសចិន គឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជា ដែលផ្តល់មូលនិធិយ៉ាងច្រើនដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមាននៅឆ្នាំ២០២២ បានបង្កើនលទ្ធភាពទីផ្សារយ៉ាងសំខាន់សម្រាប់ទំនិញកសិកម្ម និងផលិតផលរបស់កម្ពុជាដោយបានជំរុញពាណិជ្ជកម្មទ្វេភាគីកាន់តែមានទំហំធំឡើង។
លោកបណ្ឌិត បានបន្ថែមថា គ្រាន់តែនៅឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនបានមើលឃើញពីកំណើនយ៉ាងច្រើន ដែលបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងនៃការចូលរួមក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ គម្រោងធំៗជាច្រើន ដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងគំនិតផ្តួចផ្តើមថាមពលផ្សេងៗទៀត បញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ប្រទេសចិនចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ការវិនិយោគទាំងនេះមិនត្រឹមតែជំរុញការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាទៀតផង។ ប៉ុន្តែ ការរួមវិភាគទានដ៏មានសារៈសំខាន់នេះ បែរជាត្រូវមជ្ឈដ្ឋានមួយចំនួនដែលឈ្នានីសនឹងមិត្តភាពដែកថែបកម្ពុជា-ចិន បរិហារបង្កាច់បង្ខូចខុសពីការពិតទៅវិញ។ ដូច្នេះ វាចាំបាច់ណាស់ដែលយើងត្រូវបកស្រាយរឿងនេះដោយឈរលើភាពត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ។
ហេតុផលទី២ បន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយនិងសហគមន៍ការទូតបរទេសបាន តាមដានគោលនយោបាយការបរទេសរបស់កម្ពុជា ដើម្បីកំណត់ទិសដៅដែលប្រទេស កម្ពុជាកំពុងធ្វើដំណើរ ជាពិសេស គោលនយោបាយការបរទេសកម្ពុជាចំពោះប្រទេសចិន។ និទានកថាជុំវិញគោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កឱ្យមានការលេចឡើងនូការអត្ថាធិប្បាយផ្សេងៗពី ការស្ដារឡើងវិញប្រកបដោយសក្តានុពល ឆ្ពោះទៅការបង្វែរទិសដៅទៅរកសហរដ្ឋអាម៉េរិកដោយលះបង់ «មិត្តភាពដែកថែប» ជាមួយប្រទេសចិន។
ការបកស្រាយបែបនេះ ផ្ទុយទាំងស្រុងទៅនឹងមូលដ្ឋាននៃទំនាក់ទំនងដ៏រឹងមាំ និងចាក់ឫសយ៉ាងជ្រៅរវាងកម្ពុជា និងចិន ដែលនៅតែរក្សាបាននូវការជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម។ ប្រទេសកម្ពុជាបន្តផ្តល់អាទិភាពដល់ ចំណងមិត្តភាពយូរអង្វែងរបស់ខ្លួនជាមួយប្រទេសចិន ទន្ទឹមគ្នានឹងការចូលរួមប្រកបដោយស្ថាបនាជាមួយដៃគូអន្តរជាតិផ្សេងទៀត។ កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយ ការបរទេសអព្យាក្រឹតអចិន្ត្រៃយ៍ និងចូលបក្សសម្ព័ន្ធ។
បើតាមលោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ហេតុផលសំខាន់ទាំងពីរខាងលើនោះហើយ ទើបវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងវិបុលភាពរួម» នេះឡើងដើម្បីជាថ្នាលដ៏សំខាន់សម្រាប់ការវិភាគស៊ីជម្រៅ និងការផ្លាស់ប្តូរប្រកបដោយអត្ថន័យអំពីការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា និងចិន ដោយពិនិត្យមើលសមិទ្ធផលសំខាន់ៗដែលកើតចេញពីមិត្តភាពកម្ពុជា-ចិន ក្នុងរយៈពេលជាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ, វាយតម្លៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌រវាងប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ, វិភាគអានុភាពខាងក្រៅដែលបង្កជាឧបសគ្គចំពោះមិត្តភាពដែកថែប និងមិនអាចបំបែកបានរវាងកម្ពុជា និងចិន, បង្កើតវេទិកានៃការផ្លាស់ប្តូរបណ្ឌិតសភាដ៏មានកិត្យានុភាពសម្រាប់អ្នកជំនាញ បញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកតំណាងធុរកិច្ចចិននៅកម្ពុជា ដើម្បីចែករំលែកទស្សនៈ និងការយល់ដឹងរបស់ពួកគេពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន និងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងចិន។
វេទិកានេះនឹងជួយលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅថែម ទៀតអំពីទិដ្ឋភាពប្រវត្តិសាស្ត្រ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌រវាងកម្ពុជានិងចិន ជាពិសេស ក្នុងបរិបទនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ។ វេទិកានេះនឹងផ្តល់ការយល់ដឹងពីអ្នកជំនាញអំពីរបៀបដែលប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទន្ទឹមគ្នានឹងការដោះស្រាយបញ្ហាប្រឈមខាងក្រៅ និងបំភ្លឺការយល់ខុសទាក់ទងនឹងទិសដៅគោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះវិធីសាស្រ្តការទូតប្រកបដោយភាពវៃឆ្លាត (smart) ប្រាកដនិយម (pragmatic) តុល្យភាព (balancing) និងឯករាជ្យ (independent)៕