(ភ្នំពេញ)៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្ដីក្ដុកក្ដួលបំផុតដោយ ឯកឧត្តម ម៉ៅ បូរ៉ា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា និងជាប្រធានប្រតិភូគណបក្សអភិវឌ្ឍន៍កម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១១:០០នាទីយប់ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការសោកស្តាយគ្មាន អ្វីប្រៀបផ្ទឹមបានឡើយ ចំពោះការបាត់បង់ ឯកឧត្តម ម៉ៅ បូរ៉ា ដែលជាប្រធានគណបក្សនយោបាយមួយ ធ្លាប់បានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្នកំពុងចងសម្ព័ន្ធភាពយ៉ាងរឹងមាំជាមួយគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៦ទៀត។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ថ្នាក់ ដឹកនាំ និងសមាជិក សមាជិកា នៃគណបក្សអភិវឌ្ឍន៍កម្ពុជាទាំងមូល ហើយសូមបួងសួងឱ្យ វិញ្ញាណក្ខន្ធរបស់ឯកឧត្តម ម៉ៅ បូរ៉ា បានទៅកាន់សុគតិភពកុំបីខានឡើយ៕