(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ។

នៅក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំ បន្ទាប់មកសម្តេចនឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំលើកទី១ និងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតុមូលនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ ផងដែរ។

ជាមួយគ្នានេះ សមាជិកគណៈប្រតិភូ ដែលមានដូចជា៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ច ការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏ត្រូវអញ្ជើញ ថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលនេះដែរ។

សូមជម្រាបដែរថា នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគាំទ្រដល់ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាល ជំនាញ បច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការដ្ឋសភា និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី និងគណ:ប្រតិភូ នឹងអញ្ជើញចូលរួមពិធីសម្ពោធ ព្រះបរមរាជវាំង ឈុន វ៉ុន ជុង (Cheon Won Gung) នៅក្នុងខេត្តខ្យង់គឺ ផងដែរ៕