(ភ្នំពេញ)៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និង អស់លោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីសូត្រមន្ត និងការសម្តែងរបាំត្រុឌ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីសម្រាប់ឆ្នាំថ្មី។

សូមទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី សូមអោយពរអោយជ័យ សិរីសួស្តី និងជួយតាមថែរក្សាបីបាច់ដល់ លោក លោកស្រី ថ្នាក់ដឹកនាំ ជាមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ អោយមានសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីចូលរួមបម្រើលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អោយទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិមួយរបស់ប្រជាជនកម្ពុជា ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងខែចេត្រ ព្រោះជារដូវកាលដែលប្រជាជនខ្មែរទំនេរពីការប្រមូលផលស្រូវ និងដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំមួយ ឬពីរថ្ងៃ ប្រជាជនតែងតែនាំគ្នាសម្អាត តុបតែងផ្ទះសម្បែង និងរៀបចំគ្រឿងរណ្ដាប់ផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ចំណែកនៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថាននានា ក៏តែងរៀបចំពិធីសូត្រមន្តលើករាសីផងដែរ៕