(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ចំពោះប្រធានគណៈអធិបតី និងរាយការណ៍អំពីសភាពការណ៍ សណ្តាប់ធ្នាប់ចរាចរណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខ ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ចំពោះមន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា ដែលថ្នាក់ដឹកនាំតែងគិត គូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់មន្ដ្រីនគរបាលចរាចរណ៍ ដែលបានលះបង់សព្វបែបយ៉ាងចំពោះការបំពេញភារកិច្ចលើកិច្ចការងារថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ជាពិសេសលើការងារដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ប្រចាំថ្ងៃសម្រួលឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ ជាពេលវេលាដែលប្រជាពលរដ្ឋ ធ្វើដំណើរចាកចេញទៅស្រុកកំណើត ដែលអាចប្រឈមការកកស្ទះ។ នាយឧត្តមសេនីយ៍ បានណែនាំឲ្យពង្រឹងលើការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ជាពិសេសគោរពសីលធម៌ និងវិន័យនគរបាលជាតិឲ្យបានខ្ជាប់ខ្ជួន។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ការងារកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនអាចពឹងផ្អែកតែលើសមត្ថកិច្ចនគរបាលមួយមុខនោះទេ ពោលត្រូវតែមានការចូលរួមជាចាំបាច់ពីសំណាក់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ដងផ្លូវ។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺមានតែការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ រួមជាមួយការផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយប្រជាពលរដ្ឋ ប៉ុន្ដែត្រូវម៉ឺងម៉ាត់។ លើសពីនេះនាយឧត្តមសេនីយ៍ ស ថេត ក៏បានសុំនូវការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការសម្រួល និងបង្វែរចរាចរណ៍ ដើម្បីឲ្យក្បួនគណៈប្រតិភូឆ្លងកាត់ដោយរលូន។
ក្រៅពីការងារជំនាញហើយនោះ នាយឧត្តមសេនីយ៍ ស ថេត បានជំរុញឲ្យមន្ដ្រីទាំងអស់ត្រូវចេះជួយយកអាសារប្រជាពលរដ្ឋ ពិសេសជនពិការ ចាស់ជរា ស្ដ្រីមានផ្ទៃពោះ នៅពេលត្រូវការឆ្លងកាត់ផ្លូវ ត្រូវចេះជួយសម្រួល ដឹកដៃ ដើម្បីឲ្យពួកគាត់មានភាពកក់ក្ដៅចំពោះកាយវិការយកចិត្តទុកដាក់របស់កម្លាំងមានសមត្ថកិច្ច៕