(សៀមរាប)៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខយោធិន នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានលើកឡើងពីនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងនាយឧត្តមសេនីយ៍ ទៀ សីហា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់ នៅពេលរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិផងដែរ។
នាយឧត្តមសេនីយ៍ បានបន្តថា គណៈប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍ នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ក៏ដូចជា នៅតាមបណ្តាកងពល និងអង្គភាពផងដែរ។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានវាយតម្លៃខ្ពស់ចំពោះវីរភាពក្នុងស្មារតីដ៏មុះមុតរបស់យោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិមាតុភូមិ រហូតធ្លាក់ខ្លួនពិការ។ ដោយមាននយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់សង្គ្រាម នៅកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បាននាំយកអំណោយ និងថវិការបស់នាយឧត្តមសេនីយ៍ ទៀ សីហា ប្រគល់ជូនមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប នូវអង្ករ ៥តោន ,ថវិកា៣លានរៀល។
នឹងចែកជួនដល់យោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍ ទាំង ២៩៣នាក់ ដោយម្នាក់ៗទទួលបាន មី, ត្រីខកំប៉ុង,ស្ករស, ទឹកដោះគោ និងថវិកា ២ម៉ឺនរៀល និង សិស្សានុសិស្ស៥៦៧នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើម ប្រាក់៥ពាន់រៀល ព្រមទាំងថវិកាសម្រាប់គិលានុបដ្ឋាក ១លានរៀល និងប្រគេនព្រះសង្ឃមានអង្ករ ,ត្រីខ, មី, អំបិល, ស្ករស, ទឹកដោះគោ, ទឹកក្រូច, តែ រួមទាំងបច្ច័យ១លានរៀល និងតាជីយាយជី ម្នាក់ៗក្រណាត់ស១ដុំ បច្ច័យ ១ម៉ឺនរៀល។
គណៈប្រតិភូក៏បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព និងគ្រួសារទ័ព ដែលមានជម្ងឺកំពុងសម្រាក់ព្យាបាលជម្ងឺ នៅគិលានុបដ្ឋាក នៃមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ព្រមទាំងបានចែកជូនអំណោយរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ជូនដល់បងប្អូនមាន មី, ត្រីខកំប៉ុង,ស្ករស, ទឹកដោះគោ និងថវិកា ៣ម៉ឺនរៀលផងដែរ៕