(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មី ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក បន្ដបំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងត្រូវស្វែងយល់ពីបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមានការសហការចូលរួមពីអ្នកជំនាញៗ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៨៨នាក់ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់បន្ថែមថា ក្រៅពីបំពេញការងារប្រកបដោយការទទួលខុសត្រូវនេះ ក៏ត្រូវសិក្សាឱ្យបានច្បាស់ពីចំនុចសំខាន់ ដោយគឺត្រូវស្វែងរកចំនុចខ្វះខាតឱ្យចំគោលដៅ និងទទួលយកការកែលម្អដោយរីករាយ ដើម្បីផ្តល់សេវាសុខាភិបាលផ្តោតលើប្រជាពលរដ្ឋជាធំ (citizen-centered care)។
ជាកិច្ចបន្តលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»។ ក្រិត្យក្រមទី១ គឺទាក់ទងនឹងឯកភាព និងការតស៊ូរវាងភាពផ្ទុយគ្នា ដែលជាទំនាស់ក្នុងវិចារវិទ្យា។ ការតស៊ូនេះ បូកផ្សំជាមួយការសម្របសម្រួលនឹងគ្នា នឹងនាំមកនូវតុល្យភាពដែលជម្រុញដល់ការអភិវឌ្ឍ និងភាពរីកចម្រើន។ ក្រិត្យក្រមទី២ គឺទាក់ទងនឹងការវិវត្តពីបរិមាណទៅរកគុណភាព។ក្នុងន័យនេះដែរ ឯកឧត្តមបានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ តាមដានលើការវិវត្តនៃបញ្ហាអ្វីមួយឱ្យបានជាប់លាប់ (បរិមាណ) និងទប់ស្កាត់ឱ្យបានទាន់ពេលលើការប្រែប្រួលធ្ងន់ធ្ងរ ដែលធ្វើឱ្យផ្លាស់ប្តូរគុណភាពរហូតដល់ដោះស្រាយលែងកើត។
ឆ្លៀតក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជូនពរដល់មន្ត្រីសុខាភិបាលទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះផងដែរ៕