(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីជូនពរសិរីសួស្ដីកើតមានគ្រប់ៗគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងគ.ស.២០២៥ ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងត្រូវបន្តផែនការការងារនាឆ្នាំថ្មី និងឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែប្រសើរបន្ថែមទៀត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃនាយកដ្ឋាននីមួយៗនោះផងដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី មានចំណាប់អារម្មណ៍ឃើញទឹកចិត្តសប្បាយរីករាយនៃថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ជាមួយសាមគ្គីភាពគ្នា ក្តីស្រលាញ់ស្មោះស្ម័គ្រ និងបានថ្លែងអំណរគុណដល់ការដឹកនាំប្រកបដោយទឹកចិត្តមុះមុតរបស់លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីផងដែរ។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងសមប្រកបដោយពុទ្ធពរ ទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ក្រសួងសុខាភិបាល នឹងរៀបចំពិធីសូត្រមន្ត ការសម្ដែងរបាំត្រុដិ ពិធីស្រង់ព្រះ និងលេងល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គុញ ទាញព្រ័ត្រ និងដណ្តើមស្លឹកឈើ នាថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការទទួលទេវតាឆ្នាំថ្មីប្រកបដោយសិរីសួស្ដី ជ័យមង្គល សេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល៕