(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អ៊ូមីឌ ស្សាឌៀវ (Umid Shadiev) ប្រធានគណៈកម្មាធិការទេសចរណ៍ នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ស្របពេលដែលគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។

នៅក្នុងជំនួបនេះ លោកអនុប្រធានទី១ បានរំឭកអំពី ប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរ, កម្ពុជា-អ៊ូសបេគីស្ថាន និងបញ្ជាក់ពីបំណងប្រាថ្នាក្នុងការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេស ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ព្រមទាំងធ្វើបទបង្ហាញអំពី ទិសដៅផែនការអភិវឌ្ឍទេសចរណ៍ និងគោលដៅទេសចរណ៍ដ៏សម្បូរណ៍បែប នៃកម្ពុជា។

លោក អ៊ូមីឌ ស្សាឌៀវ គូសបញ្ជាក់ថា បើទោះជាវិស័យសេដ្ឋកិច្ចពុំមែនជាប្រភពចំណូលសំខាន់សម្រាប់អ៊ូសបេគីស្ថាន តែប្រទេសនេះកំពុងខិតខំរៀបចំប្រទេស និងយុទ្ធសាស្ត្រ ដើម្បីទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរ ដើម្បីជួយដល់សេដ្ឋកិច្ច និងផ្សព្វផ្សាយអំពីប្រទេសនិងវប្បធម៌របស់ខ្លួន។

ភាគីទាំងពីបានឯកភាពជំរុញសក្តានុពលវិស័យទេសចរណ៍នៃប្រទេសទាំងពីរ តាមរយៈ ១៖ការរៀបចំអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍, ២៖ការជំរុញឲ្យមានជើងហោះហើរត្រង់ (ដែលបច្ចុប្បន្ន មានជើងហោះហើរត្រង់ពីទីក្រុងតាស្គិន ទៅទីក្រុងបាងកក និងទៅគូឡាឡាំពួរ), ៣៖ ការតភ្ជាប់ភ្នាក់ងារនិងប្រតិបត្តិករទេសចរណ៍, ៤៖ ការជំរុញលើកទឹកចិត្តវិស័យឯកជន ក្នុងការវិនិយោគលើវិស័យទេសចរណ៍, និង ៥៖ការស្វែងរកលទ្ធភាពនៃការរៀបចំវេទិកាទេសចរណ៍រួមគ្នា ទាំងតាមរយៈដោយផ្ទាល់ និងតាមអនឡាញ ដើម្បីសម្របសម្រួលការផ្សព្វផ្សាយអំពីសក្តានុពលនៃប្រទេសទាំងពីរ៕