(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានបន្ដចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយសម្រាលការលំបាកជាលើកទី ៤ ដល់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB)។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃនេះបានផ្តល់អំណោយមនុស្សធម៌ជាលើកទី៤ ដើម្បីជួយសម្រាលការលំបាកដល់ជនមានពិការនៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក។

លើសពីនោះលោកស្រីក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្មួយៗជនមានពិការភាពទាំងអស់ ពិសេសបានផ្តាំផ្ញើដល់ក្មួយៗ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ កុំបរិភោគអាហារប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងភេសជ្ជៈកំប៉ុងច្រើនពេក ដែលទាំងអស់នេះអាចបង្កឱ្យមានជំងឺមិនឆ្លងរួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម។

លោកស្រីអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា «អំណោយរបស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត អាស្រ័យលើការចូលរួមថវិកានិងធនធានពីសប្បុរសជន ដែលទទួលបានក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ ហើយជាក់ស្តែងនៅក្នុងឆ្នាំនេះ មានព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើន ដែលកាកបាទក្រហមកម្ពុជា ត្រូវមានការចែករំលែករួមចំណែកជួយគ្រប់រូបភាពដែលងាយរងគ្រោះបំផុត ដូចជាគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា យើងត្រូវការជួយក្នុងនាមជាប្រទេសនៅក្នុងសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ដូចគ្នាផង»

លោកស្រីបន្ដថា «នេះគឺដូចគ្រាដែលប្រទេសវៀតណាមជួបគ្រោះខ្យល់ព្យុះកន្លងទៅដូច្នោះដែរ ដោយកាលនោះកាកបាទក្រហមកម្ពុជាក៏បានឧបត្ថម្ភថវិកាជួយសម្រាលភ្លាមៗ។ មិនត្រឹមតែជួយដល់ជនងាយរងគ្រោះបំផុតនោះទេ កាកបាទក្រហមកម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងយកចិតទុកដាក់ដល់បងប្អូនកងយោធពលខេមរភូមិន្ទ ដែលឈរជើងនៅតាមបណ្តោយព្រំដែនដែលយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង»

សម្រាប់ថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានចាត់លោកស្រី ផ្តល់អំណោយជួយសម្រាលភាពខ្វះខាតដល់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ដែលជាសមាគមដែលងាយរងគ្រោះ ក្នុងនោះមានអំណោយដូចជា៖ អង្ករ ១,៥តោន, អង្ករសុខភាព ៧កេស, មី ១៥កេស, ត្រីខ ៤កេស, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកក្រូច ១០កេស,ទឹកបរិសុទ្ធ១០កេស, ផ្លែក្រូច ៥០គីឡូក្រាម, និងថវិកា ៥លានរៀល។

ក្នុងឱកាសនោះលោក សែម សំណាង អគ្គនាយកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្តីអាណិតពីអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីស្រឡាញ់ និងតែងតែគិតគូរសន្តោសប្រណី ជួយឧបត្ថម្ភគាំទ្រដល់បងប្អូនជនមានពិការដែលជាបុគ្គលិកកំពុងបម្រើការងារនៅសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជាបន្តបន្ទាប់។

លោកបានឱ្យដឹងទៀតថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១០ មាននៅរាជធានី-ខេត្តចំនួន៥ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីក៏បានកោតសរសើរចំពោះជនមានពិការភ្នែកទាំងអស់ ដែលមានសមត្ថភាពក្នុងការរៀនដោយប្រើអក្សរស្ទាបទទួលបានចំណេះដឹងខ្ពង់ខ្ពស់រហូតចប់បរិញ្ញាបត្រ ហើយបានចូលរួមចំណែកជួយប្រទេសជាតិ ជាពិសេសផ្នែកវិទ្យុ និងទូរទស្សន៍ ។ចំណេះចំនាញនេះគឺសំខាន់ណាស់ ព្រោះជាប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីផ្សព្វផ្សាយរំលេចឡើងនូវអ្វីដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលសម្រេចបាន។

លោកស្រី ម៉ែន នារីសោភ័គ ក៏បានផ្ដាំផ្ញើដល់សមាគមវិទ្យុខាងលើនេះ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយ ស្របទៅតាមការអំពាវនាវរបស់ក្រសួងព័ត៌មាន ដែលបាននឹងកំពុងចាប់ផ្តើមយុទ្ធនាការរឿងព័ត៌មានក្លែងក្លាយ ដែលពួកយើងដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការរួមចំណែកយ៉ាងធំធេងធ្វើយ៉ាងណាលុបបំបាត់ព័ត៌មានបំពុល ក្លែងក្លាយ ជាពិសេសការបំផុសចលនាដែលនាំឱ្យមានបដិវត្តពណ៌ដែលជាឃាតករសម្លាប់សន្តិភាព និងការអភិវឌ្ឍ និងនាំឱ្យកើតមានសង្គ្រាម៕