(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ប្រជាពលរដ្ឋ ខ្មែរតាមព្រំដែនកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រជុំជាមួយអាជ្ញាធរខេត្តទាំង៣ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលកើតមានឡើង លើការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋខ្មែរតាមច្រកព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំ ដែលពលករខ្មែរជាច្រើននាក់ធ្វើការនៅប្រទេសថៃសម្រុកមកលេងស្រុកកំណើត។

កិច្ចប្រជុំនេះបានធ្វើឡើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តទាំង៣ជាប់ព្រំដែន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធច្រើនផ្សេងទៀត។ ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ច និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីដែលពាក់ព័ន្ធចូលរួមប្រជុំ។

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតំណាងរដ្ឋបាលខេត្តទាំង៣ លោក លោកស្រីទាំងអស់ ដែលខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និង សម្រេចបានលទ្ធផលគួរជាទីមោទនៈ ក៏ដូចជាការចែករំលែកនូវបទពិសោធនៃការអនុវត្តនាពេលកន្លងទៅ។

លោកឧត្តមសេនីយ៍រដ្ឋលេខាធិការ បានចាត់ទុកថា «សមិទ្ធផល និងបទពិសោធទាំងនេះ បានបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការខិតខំរួមគ្នាបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជា ពលរដ្ឋយើង។ យើងនឹងបន្តជំរុញអនុវត្តការងាររបស់យើងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែរីកចម្រើនជាលំដាប់»

បន្ទាប់ពីការស្ដាប់របាយការណ៍ និងសេចក្តីរាយការណ៍របស់ថ្នាក់ដឹកខេត្ត និងមន្រ្តីមួយចំនួន, លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ កត់សម្គាល់ឃើញថា យើងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ នៃការអនុវត្តការងារដែល រាជរដ្ឋាភិបាលប្រគល់ជូនដោយផ្អែកលើអភិក្រម «ធ្វើផង រៀនសូត្រដកស្រង់បទពិសោធផង និងកែលម្អផង»។ ទោះជាយ៉ាងណាក៏ដោយ, យើងក៏នៅមានបញ្ហាប្រឈមជាគន្លឹះមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជនយើង។

ជាមួយនឹងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងទៅ, ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច, លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ សូមផ្តល់ទស្សន និង លើកទឹកចិត្តជំរុញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ដូចខាងក្រោម៖

*ទី១៖ អាជ្ញាធរស្ថាប័នពាក់ព័ន្ធប្រចាំនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ត្រូវបម្រើសេវាជួយសម្របសម្រួលដល់ការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋ និងពលករកម្ពុជា, ជាពិសេស ក្នុងអំឡុងពេលនៃការវិលត្រឡប់ មកទឹកដីកំណើត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

*ទី២៖ សូមសមត្ថកិច្ចនៅចំណុចត្រួតពិនិត្យ និងច្រកត្រួតពិនិត្យ បន្តពង្រឹងវិធានការត្រួត ពិនិត្យការឆ្លងកាត់ព្រំដែនឱ្យបានហ្មត់ចត់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរចេញ-ចូលរបស់អាជីវករ និង ពលករដែលមានឯកសារឆ្លងដែនស្របច្បាប់ឱ្យបានឆាប់រហ័ស។ ទន្ទឹមនឹងនេះ ត្រូវចាត់វិធានការទប់ស្កាត់ការចេញ-ចូល ដោយប្រើប្រាស់ឯកសារឆ្លងដែនមិនប្រក្រតី។

*ទី៣៖ សូមក្រើនរំឭកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ សូមបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវ ការពីពលរដ្ឋខ្មែរឆ្លងកាត់ ចេញ-ចូលតាមច្រកទ្វារព្រំដែន។

*ទី៤៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបិទច្រករបៀងខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាព មេខ្យល់ និង អ្នកសមគំនិតអូសទាញប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។

*ទី៥៖ សូមប្រមូលព័ត៌មានពាក់ព័ន្ធនឹងការឆ្លងដែនរបស់ពលករតាមបណ្តាច្រកទ្វារព្រំដែន និងគ្រប់គ្រងឱ្យបាននូវលំហូរពលករចេញ-ចូលឆ្លងកាត់ព្រំដែន ព្រមទាំងខិតខំដោះស្រាយបញ្ហា ប្រឈមនានា ដែលកើតមានឡើងជាយថាហេតុ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយបរិយាបន្ន។

*ទី៦៖ សូមលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីការផ្តល់សេវាបណ្ណ ព្រំដែនជូនពួកគាត់ដោយគ្មានការរើសអើង និង មិនយកកម្រៃក្រៅផ្លូវការ ព្រមទាំងផ្សព្វផ្សាយឱ្យ ពួកគាត់យល់ដឹងនូវបែបបទនីតិវិធីនៃការឆ្លងកាត់ព្រំដែន ដោយការធ្វើដំណើរចេញ-ចូលឆ្លងកាត់ ព្រំដែនត្រូវមានឯកសារស្របច្បាប់។

*ទី៧៖ ត្រូវរៀបចំយន្តការដឹកនាំត្រួតពិនិត្យអនុវត្តវិធានការដែលបានដាក់ចេញ និងត្រូវចុះត្រួតពិនិត្យជាក់ស្តែងក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីច្រកទ្វារព្រំដែន ដើម្បីក្រើនរំលឹកលើកទឹកចិត្តកែលម្អ និងដោះស្រាយភាពមិនប្រក្រតីឱ្យមានប្រសិទ្ធភាព, ស្របតាមអភិក្រម-ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

*ទី៨៖ ត្រូវរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ នូវសភាពការណ៍ និងការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការដំណើរចេញ-ចូលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរតាម ច្រកព្រំដែនជូនប្រធានក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច និងត្រូវរាយការណ៍បន្ទាន់នូវបញ្ហានានាដែលកើនឡើងជាយថាហេតុ ដើម្បីមានវិធានការដឹកនាំ និង ណែនាំដោះស្រាយ ទាន់ពេល ជូនបងប្អូនប្រជាពលរដ្ឋ។

ជាចុងក្រោយ លោកសូមគូសបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា និង ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង, បទពិសោធន៍ និងថាមពល នៅតែតម្កល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញ និងការពង្រឹងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាឱ្យ រដ្ឋបាលមូលដ្ឋានកាន់តែមានសមត្ថភាព និងភាពជាម្ចាស់ រឹងមាំ ស្អាតស្អំ ហើយកាន់តែមាន គំនិតផ្តួចផ្តើមថ្មីៗ និងមានការទទួលខុសត្រូវចំពោះប្រជាជន និង ធ្វើឱ្យជីវភាពរបស់ប្រជាជនគ្រប់រូបកាន់តែទទួលបាននូវគុណភាព សុខុមាលភាព ផាសុកភាពល្អប្រសើរឡើង, ដែលការណ៍នេះ គឺជាគោលដៅដែលយើងទាំងអស់គ្នាចង់បាន។

លោកសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើ ដំណើរចេញ-ចូលរបស់បងប្អូន ពលរដ្ឋខ្មែរយើង, ជាពិសេសក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ៕