(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានចេញមកបដិសេធចំពោះ គេហទំព័រដែលមានអាសយដ្ឋាន https://cambodia-e-arrival.com គឺមិនមែនជា គេហទំព័រស្របច្បាប់ ដែលត្រូវបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា នោះឡើយ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការប្រកាសព័ត៌មានជាថ្មីម្ដងទៀតជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសអ្នកធ្វើដំណើរចូលព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់ សូមប្រើប្រាស់តំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវបានទទួលការអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា តែមួយគត់ ដែលមានអាសយដ្ឋាន «www.arrival.gov.kh» ឬកម្មវិធី «Cambodia e-Arrival»។
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានក្រើនរំលឹកដល់អ្នកដំណើរចូលកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលទៅគេហទំព័រសម្រាប់ការបំពេញព័ត៌មានសលាកបត្រ តាមប្រព័ន្ធអេឡិចត្រូនិក សូមធ្វើការពិនិត្យឲ្យបានច្បាស់លាស់ ជៀសវាងការចូលទៅគេហទំព័រក្លែងបន្លំនានា ដែលនាំឲ្យមានការខាតបង់ថវិកា ឬការលួចយកព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ របស់អ្នកប្រើប្រាស់ដោយខុសច្បាប់។ ទន្ទឹមនោះ ជនណាដែលបង្កើត គេហំទំព័រ ឬកម្មវិធីក្លែងបន្លំនានាក្នុងរូបភាពដើម្បីបោកប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន នឹងត្រូវចាត់វិធានការ ច្បាប់ជាធរមាន។
សម្រាប់ការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិច ត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា «www.arrival.gov.kh» ឬកម្មវិធី «Cambodia e-Arrival» ពុំតម្រូវឲ្យបង់ថ្លៃសេវានោះទេ លើកលែងតែថ្លៃកម្រៃទិដ្ឋាការប៉ុណ្ណោះ។ ប្រសិនបើសាធារណជនជាតិ និងអន្តរជាតិទាំងអស់ មានការសង្ស័យ ឬភាពមិនប្រក្រតីណាមួយ សូមមេត្តាទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ Hot-Line, គេហទំព័រ website, Facebook Page ឬបណ្តាញទំនាក់ទំនងសង្គមផ្លូវការនានារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍៕