(សៀមរាប)៖ លោកស្រី ស៊ិន ណម ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានយកអំណោយពីសម្តេច ម៉ែន សំអន ប្រគល់ឲ្យស្ត្រីដែលសម្រាលកូនភ្លោះបីនាក់ មកពីស្រុកសណ្តាន់ រួមជាមួយស្រ្តីដែលទើបសម្រាលកូន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានអំណោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីជួយសម្រួលដល់ការលំបាកក្នុងពេលកំពុងសម្រាកនៅមន្ទីរពេទ្យ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកស្រី ស៊ិន ណម បានលើកឡើងថា ក្រោយពេលទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកស្រីក៏បានដឹកនាំប្រតិភូ នាំយកថវិកា និងអំណោយរបស់សម្តេចកិត្តិសង្គហបណ្ឌិត ជូនដល់គ្រួសារប្រសូត្រកូនភ្លោះ៣នាក់ និងស្ត្រីទើបប្រសូត្រកូន និងស្រ្តីវះកាត់រួច នៅមន្ទីរពេទ្យជ័យវរ្មីន្តទី៧ (មន្ទីរពេទ្យគន្ធបុប្ផាទី៣)។

លោកស្រីបន្តថា នេះជាលើកទី២ហើយ ដែលក្រុមការងារសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះមកជួបសំណេះសំណាលជាមួយគ្រួសារទារកភ្លោះបីនាក់ (ស្រី១ប្រុស២នាក់) ដែលមានប្តីឈ្មោះ គុយ ខែម អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះ ជួន សុម៉ុម អាយុ ២៦ឆ្នាំ មានស្រុកកំំណើតរស់នៅភូមិតាំងក្រសៅ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោកស្រី ស៊ិន ណម បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដល់ក្រុមគ្រួសារប្រសូត្រទារកភ្លោះប្រុសស្រីបីនាក់ និងស្ត្រីប្រសូត្រកូន ព្រមទាំងស្រ្តីដែលវះកាត់ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញៗ។

លោកស្រី ស៊ិន ណម ក៏បានណែនាំដល់មាតាបិតាទារកភ្លោះបីនាក់ ត្រូវបន្តតាមដានសុខភាពរបស់ទារកភ្លោះឲ្យបានដិតដល់ ប្រសិនមានអ្វីកើតឡើង សូមជម្រាបជូនដំណឹងទៅកាន់ក្រុមគ្រួពេទ្យប្រចាំការ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ទារក។ លោកស្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យជ័យវរ្ម័ន្តទី៧ ដែលតែងតែយកចិត្តទុកដាក់ថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយមិនរើសអើង ជាពិសេស គឺប្រជាពលរដ្ឋទីទល់ក្រ ខ្វះខាតមកពីទីជិតឆ្ងាយ។

តាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា នាយកគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័ន្តទី៧ បានឲ្យដឹងថា នៅមន្ទីរសម្ភពក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ផាទី៣ បានទទួលពិនិត្យស្រ្ទីមានផ្ទៃពោះពី៣០០ ទៅ៥០០នាក់ និងសម្រាលកូន ពី៦០-៨០នាក់ ក្នុងនោះមាន ១០-១៥ករណី ជាស្រ្តីដែលមានហានិភ័យ ដូចជា៖ កូនខ្សោយបញ្ហាលើសសម្ពោធឈាម និងជម្ងឺបង្រុងក្រឡាភ្លើងជាដើម។

លោក គុយ ខែម ជាឪពុកទារិកាភ្លោះប្រុសស្រីទាំងបី បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាភាពរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ និន្នាការនយោបាយ ពូជសាសន៍អី្វនោះឡើយ ព្រមទាំងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ព្យាបាលភរិយាគាត់ផងដែរ។ ហើយនេះជាកូនលើកទី៣ហើយ នៅក្នុងគ្រួសារដែលជាទារិកាភ្លោះប្រុសស្រី៣នាក់ ដែលស្រីជាកូនច្បង។ 

ម្យ៉ាងទៀត ទុកលំបាករបស់ប្រជាពលរដ្ឋទីទល់ក្រ និងងាយរងគ្រោះ គឺជាទុកលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោល គឺដូចចាពេលនេះ សម្តេចបានចាត់ឲ្យប្រតិភូរបស់សម្តេចនាំយកថវិកា និងសម្ភារៈ មកចែកដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះប្រុសស្រីបីនាក់ ដើម្បីជួយសម្រាល់ដល់ការលំបាក់ ក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំងបីនាក់នេះ ឲ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀត។

ជាមួយនេះដែរ លោកស្រី ស៊ិន ណម ក៏បាននាំយកថវិកា និងសារុងចំនួន ២៥០ ដែលជាអំណោយរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដើម្បីចែកជូនដល់គ្រួសារប្រសូត្រកូនភ្លោះ៣នាក់ និងស្ត្រីទើបប្រសូត្រកូន និងស្រ្តីវះកាត់រួច ក្នុងនោះគ្រួសារប្រសូត្រទារិកាភ្លោះប្រុសស្រី៣នាក់ នូវថវិកា ៨០ម៉ឺនរៀល សារុង៣ និងបងប្អូនស្ត្រីប្រសូត្រកូន និងអ្នកធ្វើការវះកាត់ ម្នាក់ៗ សារុង១ផងដែរ៕