(កំពង់ធំ)៖ លោក វង់ ឡូ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ តំណាងលោក ថោ ជេថា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញប្រគល់ម៉ូតូចំនួន១៣គ្រឿង ជូនដល់ឃុំទាំង ១៣ក្នុងស្រុកស្ទោង សម្រាប់ចាប់រង្វាន់អបអរសាទរសង្ក្រាន្តឆ្នាំថ្មី ​នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកស្ទោង។

ទន្ទឹមនឹងនេះលោក វង់ ឡូ បានណែនាំអាជ្ញាធរពាក់ព័ន្ធជាពិសេសតាមបណ្ដាវត្តអារាមត្រូវបង្កលក្ខណៈកម្សាន្តសប្បាយរីករាយ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានសុវត្ថិភាពខ្ពស់ជូនពុកម៉ែបងប្អូន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកបន្តថា ក្នុងការបង្កលក្ខណៈកម្សាន្តសប្បាយអបអរសាទរឆ្នាំថ្មីសង្ក្រាន្តឆ្នាំថ្មីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបានកម្សាន្តសប្បាយរួមគ្នារវាងប្រជាពលរដ្ឋ និងក្រុមការងារយ៉ាងសប្បាយរីរាយ និងស្និទ្ធស្នាលបំផុត ក្រោមម្លប់សុខសិន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា ក្នុងឃុំទាំង ១៣ក្នុងស្រុកស្ទោងគឺក្នុងមួយឃុំ ក្រុមការងារបានរៀបចំវត្តមួយសម្រាប់ធ្វើសង្ក្រាន្តឆ្នាំថ្មីឆ្នាំនេះដែលក្នុងនោះទទួលបានម៉ូតូ១គ្រឿង និងសម្ភារឧបករណ៍ផ្សេងៗជាច្រើនទៀតសម្រាប់ចាប់រង្វាន់ ដែលកាន់តែបង្កលក្ខណៈកំសាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែអធិកអធមថែមទៀត៕