(កណ្តាល)៖ ក្រោមការខិតខំ និងសម្របសម្រួលដោយពុះពារយ៉ាងខ្លាំងរបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅទីបំផុតផលប៉ះពាល់គម្រោងផ្លូវ ៦០ម៉ែត្រនៅតំបន់7NG ត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយប្រជាពលរដ្ឋបានចូលរួមចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ថ្មី ប្រកបដោយស្នាមញញឹម និងរីករាយក្នុងការទទួលយក។

ពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ថ្មី ជូនប្រជាពលរដ្ឋដែលបានទិញពីក្រុមហ៊ុន 7NG ដែលរងផលប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើឡើង ក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងលោក គួច ចំរើន។

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានថ្លែងថា នាពេលព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលស្រុកខ្សាច់កណ្តាល សហការជាមួយក្រុមហ៊ុន7N បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ថ្មីជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់គម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) ក្នុងប្លុក B2, ចំនួន ២១៥ឡូតិ៍ របស់ប្រជាពលរដ្ឋដែលមានដីឡូតិ៍ក្នុងក្រុមហ៊ុន ស្ថិតក្នុងឃុំវិហារសួគ៌។

លោកថា រដ្ឋបាលស្រុកបានរៀបចំទៅតាមគោលការណ៍ឯកភាពរបស់អភិបាលខេត្តកណ្តាល ដោយឱ្យប្រជាពលរដ្ឋ ដែលបានចូលរួមធ្វើការផ្ចិតមេដៃព្រមព្រៀងលើបទបញ្ជាផ្ទៃក្នុង នៃនីតិវិធីចាប់ឆ្នោត និងលើលិខិតព្រមព្រៀង ទទួលយកដីឡូតិ៍ថ្មីដោយស្ម័គ្រចិត្ត ព្រមទាំងបន្តនីតិវិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍តាមនីតិវិធីដែលបានកំណត់។ ជាលទ្ធផលទទួលបានដូចខាងក្រោម៖

* ចំពោះដីរបស់ប្រជាពលរដ្ឋសរុបចំនួន ៩៧នាក់ ស្មើនឹង ២១៥ឡូតិ៍ ដែលរងប៉ះពាល់គម្រោងផ្លូវ ៦០ម៉ែត្រ បានព្រមព្រៀងទទួលយកដីឡូតិ៍រួមមាន៖

*ទី១៖ ប្រជាពលរដ្ឋសរុបចំនួន ១១នាក់ ស្មើនឹង ១៩ឡូតិ៍ បានព្រមព្រៀងឯកភាព ទទួលយកដីឡូតិ៍ទីតាំងចាស់ ព្រមទាំងបានដាក់ឯកសារចុះបញ្ជីលក្ខណៈប្រព័ន្ធលើកទី២ និងទទួលបានបង្កាន់ដៃប្រព័ន្ធរួចរាល់។

*ទី២៖ ប្រជាពលរដ្ឋសរុបចំនួន ៦២នាក់ ស្មើនឹង ១៥៨ឡូតិ៍ ដែលបានយកឯកសារមក ស្វ័យប្រកាស និងអញ្ជើញមកចូលរួមចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ថ្មីជាក់ស្តែងរួមមាន៖

* អ្នកចូលរួមចាប់ឆ្នោតជ្រើសរើសដីឡូតិ៍សរុបចំនួន ៥៤នាក់ ស្មើនឹង ១៤២ឡូតិ៍ (ក្នុងនោះចំនួន ១៤១ឡូតិ៍ នៅទីតាំងថ្មី និងចំនួន ១ឡូតិ៍ មានបណ្ណរឹងនៅ ទីតាំងចាស់)។

* អ្នកមិនបានចូលរួមចាប់ឆ្នោតជ្រើសរើសដីឡូតិ៍សរុបចំនួន ៨នាក់ ស្មើនឹង ១៦ឡូតិ៍ (ក្នុងនោះមានចំនួន ៤នាក់ ស្មើនឹង ៩ឡូតិ៍ ៩ឡូតិ៍ មិនបានចូលរួមនៅឆ្ងាយមកមិនទាន់ មិនបានចូលរួមនៅឆ្ងាយមកមិនទាន់ និងចំនួន ៤នាក់ទៀត ស្មើនឹង ៧ឡូតិ៍ ទាក់ទងមិនបាន និងឱ្យលេខទូរស័ព្ទ ខុសមកក្រុមការងារ)។

*ទី៣៖ ប្រជាពលរដ្ឋដែលនៅសល់សរុបចំនួន ២៤នាក់ ស្មើនឹង ៣៨ឡូតិ៍ ដែលមិនទាន់ បានមកដាក់ស្វ័យប្រកាស ដោយសារប្រជាពលរដ្ឋមួយចំនួន បានលក់បន្តឱ្យអ្នកផ្សេងមិនមានលេខទំនាក់ទំនងខ្លះទៀតនៅក្រៅប្រទេស និងមិនមានប្រភពទាក់ទង៕