(ភ្នំពេញ)៖ ថ្មីៗនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវសារាចរលេខ ០៣ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ក្នុងគោលបំណងធ្វើការកែទម្រង់លើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ជាការងារអាទិភាព ដើម្បីភាពស្អាត លើដែនទឹក សំដៅធានាបាននូវការការពារតំបន់ទឹកសាធារណៈ សុខភាពសាធារណៈ និងបរិស្ថានល្អប្រសើរ ប្រកបដោយចីរភាព។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៧ចំណុច ក្នុងនោះមានវិធានការ ជាការងារអាទិភាពមួយ ដែលត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងបន្ទាន់ សំដៅទប់ស្កាត់ការបំពុលតំបន់ទឹក សាធារណៈពីសកម្មភាពបញ្ចេញទឹកកខ្វក់ និងសំណល់រាវពីរោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាត គឺត្រូវធ្វើការបំពាក់ និងដាក់ឱ្យដំណើរការប្រព័ន្ធ ប្រព្រឹត្តិកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
ក្នុងន័យនេះ ក្រសួងបរិស្ថាន សូមជម្រាបដល់ម្ចាស់កម្មសិទ្ធិ ឬ អ្នកទទួលខុសត្រូវ រោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាត ដែលមិនទាន់បានបំពេញ កាតព្វកិច្ចតម្រូវដោយច្បាប់ត្រូវធ្វើការបំពាក់ និងដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជាបន្ទាន់ចាប់ពីពេលជូនដំណឹងនេះតទៅ។ ក្នុងករណីម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវ ខកខានមិនអនុវត្តក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ជាធរមាន។
ក្រសួងបរិស្ថាន សង្ឃឹម និងជឿជាក់ថា ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវ រោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាតនឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕