(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានបន្ថែមអង្គភាពអាមេរិកចំនួន ១២ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ និងក្រុមហ៊ុនអាមេរិកចំនួន ៦ ទៀត ទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្តរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ ២០២៥។
ក្រសួងបានបញ្ជាក់ថា ការដាក់អង្គភាពអាមេរិកទាំង ១២ ចូលក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ គឺដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ព្រមទាំងបំពេញកាតព្វកិច្ចអន្តរជាតិក្នុងការមិនរីកសាយភាយអាវុធ។ ក្រសួងបាននិយាយទៀតថា អង្គភាពទាំងនេះអាចចូលរួមក្នុងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងផលប្រយោជន៍ជាតិរបស់ចិន។
លើសពីនេះ ចិនបានបន្ថែមក្រុមហ៊ុនអាមេរិកចំនួន ៦ រួមមានដូចជា ក្រុមហ៊ុន Shield AI, Inc., Sierra Nevada Corporation, Cyberlux Corporation, Edge Autonomy Operations LLC, Group W, និង Hudson Technologies Co ទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត ដែលនឹងចូលជាធរមាននៅថ្ងៃទី ១០ ខែមេសា។ ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះបានលក់អាវុធ ឬសហការបច្ចេកវិទ្យាយោធាជាមួយតៃវ៉ាន់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍របស់ចិន៕