(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយ លោកស្រីឯកអគ្គរដ្ឋទូត អំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក ប្រាក់ សុខុន និងលោកស្រី ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីសកម្មភាពនានារួមគ្នា ដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ជាពិសេសភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការ រៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់កម្ពុជា ដែលនឹងកំណត់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលនៃឆ្នាំរំលឹកខួបនេះ។

លោក ប្រាក់ សុខុន និងលោកស្រី ឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍធនធាន មនុស្ស។ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកស្រី ចំពោះការចូលរួមចំណែក ក្នុងការពង្រឹងចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរ៕