(ភ្នំពេញ)៖ «កម្មវិធីពិសេសជម្រុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ត្រូវបានប្រកាសគូរដាក់អនុវត្តជាផ្លូវការនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ការដាក់ចេញកម្មវិធីនេះ គឺក្នុងគោលដៅជម្រុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជម្រុញវិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន។ Fresh Exclusive មានអត្ថបទវិចារណកថាមួយជុំវិញបញ្ហានេះ...
រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចប្រឹងប្រែងដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ បានប្រកាសការអនុវត្ត «កម្មវិធីពិសេសជម្រុញវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសេចក្តីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានផ្តល់ការណែនាំ និងចង្អុលបង្ហាញដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យពិនិត្យ និងរៀបចំ «កម្មវិធីពិសេស» នេះ សម្រាប់ជាគម្រោងសិក្សានិងរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ក្នុងគោលដៅជម្រុញវិនិយោគឯកជនឆ្ពោះទៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ហើយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ កម្មវិធីពិសេសនេះក៏ត្រូវបានប្រកាសអនុវត្តនៅក្នុងពិធីជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី។
សម្តេចបវរធិបតី បានថ្លែងបង្ហាញនូវគន្លឹះសំខាន់ៗសម្រាប់ការជម្រុញវិស័យវិនិយោគឯកជននៅក្នុងភូមិភាគឦសាននោះ៖
«ពេលនេះជាពេលដែលយើងត្រូវគិតគូរថា យើងត្រូវធ្វើដូចម្តេចដើម្បីជម្រុញការអភិវឌ្ឍតំបន់ភូមិភាគឦសានឲ្យក្លាយជាប៉ូលសេដ្ឋកិច្ចឯករាជ្យ មានសមត្ថភាពមិនឆ្ងាយដាច់ខ្លាំងពេកពីតំបន់ដទៃ។ នៅក្នុងការពិចារណាគោលនយោបាយសម្រាប់តំបន់នេះ មានទិដ្ឋភាពបី ដែលត្រូវគិតគូរព្រមគ្នា ពោលគឺមនុស្ស ចរន្តសេដ្ឋកិច្ច និងភាពតភ្ជាប់ដែលពិបាកនឹងខ្វះខាតចំណុចណាមួយបានឡើយ។ យើងចង់ឱ្យមនុស្សទៅរស់នៅ ប៉ុន្តែប្រជាជនដែលទៅនៅ មិនអាចនៅយូរអង្វែងបានទេ ដោយសារគ្មានចរន្តសេដ្ឋកិច្ច ហើយនៅពេលដែលយើងចង់ជម្រុញឱ្យមានចរន្តសេដ្ឋកិច្ច វិនិយោគគិនក៏អាចនឹងត្អូញថា លំបាកលើភាពតភ្ជាប់ទៅនឹងទីផ្សារជាដើម ដែលជាភាពប្រទាក់ក្រឡានៃទិដ្ឋភាពទាំងបី។
ភាពតភ្ជាប់ គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ។ អ្នករៀបចំគោលនយោបាយត្រូវគិតគូរជារឿយៗថា នៅពេលយើងចង់ឱ្យមានភ្ញៀវទេសចរណ៍ មកលេងញឺកញាប់នៅក្នុងតំបន់នេះ ថាតើយើងត្រូវបង្កើតភាពទាក់ទាញដូចម្តេចឱ្យខ្លាំង ហើយអាចជំនះបានទៅលើរយៈចម្ងាយ៧ម៉ោងនៃការធ្វើដំណើរ? តើធ្វើដូចម្តេច ឱ្យភ្ញៀវទៅហើយ ចង់មកម្តងទៀត ក្នុងរយ:ចម្ងាយដ៏វែងបែបនេះ? ចំណោទនេះ ពិតជាមិនមែនជាបញ្ហាងាយស្រួលនោះទេ។ ដូច្នេះហើយ នៅពេលដែលដាក់ចេញគោលនយោបាយទាក់ទងនឹងតំបន់ភូមិភាគឦសាន, រាជរដ្ឋាភិបាលបានធ្វើការគិតគូរគ្រប់ជ្រុងជ្រោយ ដោយមានភាពប្រឡាក់ក្រឡាទាំងលើបីទិដ្ឋភាព គឺមនុស្ស ចរន្តសេដ្ឋកិច្ច និងភាពតភ្ជាប់ ទោះបីថាពេលខ្លះយើងមិនអាចមានធនធានផ្តោតទៅលើទិដ្ឋភាពទាំងបីព្រមគ្នាក៏ដោយ»។
ខេត្តទាំងបួននៅភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី គឺជាខេត្តដែលមានព្រំដែនលាតសន្ធឹងជាប់ប្រទេសវៀតណាម និងឡាវ និងក៏ធ្លាប់ជាអតីតខេត្តនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ CLV-DTA ផងដែរ ប៉ុន្តែដើម្បីកាត់ផ្តាច់និងបិទបញ្ចប់អាវុធនយោបាយដ៏ពិសពុលរបស់ក្រុមជ្រុលនិយម, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ CLV-DTA នេះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ បច្ចុប្បន្នខេត្តទាំងបួននៃតំបន់ភាគឦសាននេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ «កម្មវិធីពិសេស» ដើម្បីការជួយជម្រុញកត្តាអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពប្រហាក់ប្រហែលគ្នាជាមួយខេត្តនានា ដែលកំពុងមានសន្ទុះរីកចម្រើន៖
«យើងដកចេញពី CLV-DTA ដោយសារ២៥ឆ្នាំហើយ សមត្ថភាពយើងបានរៀបចំអាចថាដល់កម្រិតមួយយើងអាចម្ចាស់ការខ្លួនឯងបានហើយ ហើយប្រជាពលរដ្ឋយើងក៏ចង់បានដែរ តែឥឡូវយើងត្រូវពង្រីក និងការអភិវឌ្ឍខ្លួនឯងម្ចាស់ការខ្លួនឯង។ អញ្ចឹងបានជាការរៀបចំនេះនេះគឺឆ្លើយតបទៅនិងអ្វីដែលជាការចង់បាន ចង់ឃើញរបស់ប្រជាពលរដ្ឋយើងសមត្ថភាពដែលយើងធ្វើបានប៉ុណ្ណេះ គឺឥឡូវពង្រឹងខ្លួនឯងដើម្បីដើរទៅមុខរត់ឱ្យលឿនខ្លួនឯងតាមរយៈការទាញចូលនូវវិនិយោគ ក៏ដូចជាការបង្កើននូវសកម្មភាពវិនយោគនៅហ្នឹងកន្លែង»។
«កម្មវិធីពិសេស» នេះ មិនត្រឹមតែជាផែនការសេដ្ឋកិច្ចប៉ុណ្ណោះទេ វាគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដោយយកលំនាំតាមគំរូមេរៀននៃការអភិវឌ្ឍកាលពីអតីតកាល និងគំរូនេះ ត្រូវបានដឹកនាំដោយភាពប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ថែមទៀត ដើម្បីផ្តល់ភាពរុងរឿងទៅដល់គ្រប់ជ្រុងនានារបស់សង្គម ដែលជាសសរស្តម្ភនៃការអភិវឌ្ឍប្រទេសជាតិ។ សម្តេចបវរធិបតី បានថ្លែងថា ការអភិវឌ្ឍតំបន់ភាគឦសាន គឺជាកិច្ចការដ៏ចាំបាច់មួយដើម្បីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិនៅតាមបណ្តោយព្រំដែន និងថែមទាំងជួយការពារ ទឹកដីខ្មែរ បញ្ចៀសការបាត់ទៅប្រទេសជិតខាងរបស់ខ្លួនផងដែរ៖
«បើនិយាយដោយខ្លី នៅពេលដែលយើងនិយាយពីការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី យើងត្រូវសួរដែរថា តើយើងការពារជាតិដូចម្តេច នៅពេលដែលយើងគ្មានទាំងផ្លូវ ទាំងគ្រប់តំបន់នៅក្រោមដែនអធិបតេយ្យភាពរបស់យើងផងនោះ? តើយើងអាចការពារទឹកដីរបស់យើងដែលនាំគ្នាស្រែកតាមហ្វេសប៊ុក ពីក្រៅប្រទេសបានដែរឬយ៉ាងណា ប្រសិនយើងគ្មានកងទ័ព ឬប្រជាជនរស់នៅការពារតាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ។ កិច្ចការពារព្រំដែនដែលមានប្រសិទ្ធិភាព និងចីរភាព មិនមែនត្រឹមផ្តោតលើការងារកសាងលេណដ្ឋាននោះទេ ប៉ុន្តែគឺការជម្រុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយ:ការកសាងនិងអភិវឌ្ឍន៍តាមបណ្តោយព្រំដែន ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវក្រវាត់ព្រំដែន ដែលបង្កលក្ខណៈសម្រាប់ការរីកចម្រើននៅក្នុងតំបន់នោះផងដែរ»។
* យុទ្ធសាស្ត្រកំណើនអភិវឌ្ឍន៍វិមជ្ឈការ
ជាប្រវត្តិសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានផ្តោតជុំវិញតែទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួនដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។ ប៉ុន្តែខណៈពេលដែលគំរូនោះ ទោះបានធ្វើឱ្យមានកំណើនទីក្រុងយ៉ាងឆាប់រហ័ស និងទាក់ទាញការវិនិយោគពីបរទេសយ៉ាងសំខាន់ក៏ពិតមែន វាក៏បានពង្រីកគម្លាតអភិវឌ្ឍន៍រវាងតំបន់ទីក្រុងនិងតំបន់ជនបទដាច់ស្រយាល ជាពិសេសខេត្តក្នុងតំបន់ភាគឦសាន។ ប៉ុន្តែ «កម្មវិធីពិសេសជម្រុញរវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចបវរធិបតី នឹងមិនធ្វើឱ្យតំបន់ភាគឦសានបន្តមានគម្លាតទៀតឡើយ។
ម្យ៉ាងវិញទៀត ជាមួយនឹងកម្មវិធីពិសេសនេះ តបតាមតាមប្រសាសន៍អំពាវនាវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកន្លងមកនេះ ដើម្បីរកកិច្ចសហការ និងការចូលរួមរបស់ប្រជាពលរដ្ឋ លើការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ជាពិសេសការផ្តោតលើផ្លូវតាមខ្សែក្រវាត់ព្រំដែនរបស់ខេត្តទាំងបួនរបស់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការជម្រុញការអភិវឌ្ឍតំបន់ភាគឦសានប្រទេសនោះ, អង្គព្រះមហាក្សត្រ និងព្រះមហាក្សត្រី ជាទីគោរពសក្ការៈ សែរាជវង្ស ព្រះសង្ឃ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការ ប្រជាពលរដ្ឋខ្មែរទាំង ក្នុងនិងក្រៅប្រទេស សរុបចំនួន ៧២,១០៥អង្គនិងនាក់ នៅបានរួមគ្នាជួយបរិច្ចាកជាថវិកាសរុបគិតជាទឹកប្រាក់ដុល្លារ ២៩,៦៩៧,៦០៩ដុល្លារដុល្លារថែមទៀត។
សម្តេចបវរធិបតីបានថ្លែងថា ជាមួយនឹងកម្មវិធីពិសេសនេះ ខេត្តភាគឦសាននឹងបើកចំហរទាំងវិនិយោគិនក្នុង និងក្រៅស្រុកទាំងអស់ថែមទៀត៖
«ខ្ញុំសុំបញ្ជាក់ថាការលើកលែង និងការអនុគ្រោះទាំងអស់នេះ មិនមែនសម្តៅទៅលើវិនិយោគគិនតែក្រៅប្រទេស, វិនិយោគគិនពីក្នុងប្រទេស ក៏យើងលើកឱ្យដូចគ្នា ហើយក៏មិនសម្តៅតែវិនិយោគតែពីក្រៅខេត្តដែរ, វិនិយោគិនក្នុងខេត្ត ក៏យើងកាន់តែលើកទឹកចិត្តថែមទៀតបើគាត់ធ្វើ។ បើអ្នកមណ្ឌលគិរី ត្រូវការបើករីស៊ត ត្រូវការបើករោងចក្រ បើកកន្លែងកសិកម្ម ឬមួយធ្វើអ្វី សូមធ្វើ… យើងជួយ…អញ្ចឹងគោលការណ៍មួយនេះ ពិតណាស់ថា វិនិយោគគិន អាចថាបងប្អូនខ្លះគាត់យល់ច្រឡំថា ទាល់តែវិនិយោគគិនបរទេសមកពីក្រៅប្រទេស, អត់ទេ គឺវិនិយោគគិនទាំងអស់…ហើយសំខាន់បំផុតដែលយើងដាក់ចេញនូវទុនការឧបត្ថម គឺថាគោលនយោបាយមួយចំនួនដែលត្រៀមថវិកាមួយចំនួនសម្រាប់ផ្តល់ឱ្យកម្ចីក្នុងអត្រាទាបនោះ គឺសម្រាប់ផ្តោតខ្លាំងទៅលើវិនិយោគគិនក្នុងស្រុកនេះឯង…ក្រុមហ៊ុនតូច ក្រុមហ៊ុនកម្រិតមធ្យម SME ដែលយើងចង់បាន»។
* ការអភិវឌ្ឍនាំមុខដោយវិស័យឯកជន គឺជាក្បាលម៉ាស៊ីនថ្មីសម្រាប់ភូមិភាគឦសាន
អ្វីដែលបានកំណត់នូវគំនិតផ្តួចផ្តើមនេះឱ្យមានភាពដាច់ពីគ្នា គឺវិធីសាស្រ្តអភិវឌ្ឍន៍ ដែលដឹកនាំដោយវិស័យឯកជន ដែលវិធីនេះ ត្រូវបានគេជឿជាក់ថា ជាវិធីជួយបង្កើនកំណើនប្រកបដោយនិរន្តរភាពដ៏ល្អបំផុត ដោយមានការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាល ដើម្បីការការពារនិងលើកទឹកចិត្តដល់វិស័យឯកជន ដែលបានស្ម័គ្រចិត្តនិងនាំមុខក្នុងការមកបណ្តាក់ទុន នៅក្នុងខេត្តភាគឦសានដាច់ស្រយាលនេះ។
សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមលើលក្ខណៈពិសេស សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសានរួមមាន៖
១៖ ការផ្តល់ការលើកទឹកចិត្តលើសលុបដែលលើសពីច្បាប់វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ។
២៖ យន្តការច្រកចេញចូលតែមួយដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិនអាចដាក់ពាក្យស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗទៀត ជាមួយនឹងក្រុមការងារតែម្តង។
៣៖ ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគ។
៤៖ ការផ្តល់ហិរញ្ញប្បទានគាំទ្រ ដោយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួន ដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ។
៥៖ ការខិតខំជំរុញធនធានមនុស្ស គាំទ្រដោយរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្ត ដោយកំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹងឬតិចជាង២លានរៀល និងបម្រើការងារនៅក្នុងគម្រោង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួននៅភូមិភាគឦសាននោះ។
សម្តេចបវរធិបតី ដើម្បីការរៀបចំរក្សាគុណភាព និងសោភ័ណភាពសម្រាប់ខេត្តភាគឦសាន បានលើកឡើងនូវអនុសាសន៍ខ្លះ ពាក់ព័ន្ធនឹងវិស័យវិនិយោគជាពិសេសដូចជានៅក្នុងខេត្តមណ្ឌលគីរីជាដើម៖
«នេះគឺជាកិច្ចការដែលសំខាន់ ហើយខ្ញុំសុំមួយផង។ ការវិនិយោគ ពិតណាស់យើងចង់ជំរុញទៅលើឧស្សាហកម្ម, កសិឧស្សាហកម្ម និងទេសចរណ៍។ ពិតណាស់ វាអាចភ្ជាប់ជាមួយគ្នា, មានរោងចក្រមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ឬមួយក៏អាចនៅតំបន់ព្រំដែនខ្លះ ជាប់ច្រកព្រំដែនខ្លះ ជាតំបន់សេដ្ឋកិច្ចពិសេស បង្កើតជារោងចក្រកែច្នៃឬមួយអី យើងអត់ហាមទេ ប៉ុន្តែខ្ញុំឱ្យខេត្តទាំងបួនជាពិសេសខេត្ត ដែលមានធនធានធម្មជាតិ ខេត្តមណ្ឌលគិរី…សក្តានុពលសូមឱ្យគិតគូរ Zone ឱ្យស្រួលបួលផង ដើម្បីយើងថែកន្លែងណា ដែលជាតំបន់ឧស្សាហកម្ម កន្លែងណាដែលយើងត្រៀមឱ្យហើយទៅ, កុំយករោងចក្រទៅដាក់លើភ្នំកំប៉ិកំប៉ុកបន្តិចបន្តួចវាលែងស្អាត… កន្លែងណាទុកឲ្យជាកន្លែងទេសចរណ៍, កន្លែងធម្មជាតិទុកនៅកន្លែងហ្នឹង, រុញតំបន់ឧស្សាហកម្មនៅមួយកន្លែង…កន្លែងណាដែលសម្រាប់ធ្វើ Agro-Industry ដាំទំហំធំយើងកុំទៅយកវានៅកន្លែងកំប៉ិកកំប៉ុក កន្លែងនេះកន្លែងនោះ។
គិតកន្លែងណាទាំងមូល បានន័យថា គិតពីការអភិវឌ្ឍដោយចីរភាព។ សក្តានុពលរបស់យើងមានទាំងទេសចរណ៏ មានទាំងកសិឧស្សាហកម្ម មានទាំងកសិកម្ម មានទាំង…យើងអាចថា កម្មន្តសាលកន្លែងអី ឬមួយកន្លែងណាយើងគិតគូរឲ្យហើយ ជាពិសេសខេត្តដូចខ្ញុំនិយាយអញ្ចឹងដូចខេត្តមណ្ឌលគិរី ដែលភាគច្រើនទាក់ទង គឺទេសចរណ៍ធម្មជាតិ ហើយបើយើងអត់គិតយើងដាក់ម្តុំៗ… យើងអាចបាត់មួយរយៈពេលខ្លី គឺវាខូចអស់។ ថ្ងៃក្រោយយើងចង់ទៅទេសចរណ៍ធម្មជាតិ ស្រាប់ទៅដល់រោងចក្រកំប៉ិកកំប៉ុកនៅនេះទាំងអស់, អញ្ចឹង Zone ហ្នឹង មិនមែនមិនឱ្យធ្វើនៅខេត្តហ្នឹងទេ…តែខ្ញុំសុំឱ្យខេត្ត ហើយគណៈកម្មការយើង ដែលមានក្រសួងដែនដីនគររូបនីយកម្មនៅក្នុងហ្នឹងធ្វើឱ្យហើយ…អាចថាពន្លឿននៅក្នុងការធ្វើ Master Plan នៅក្នុងការប្រើប្រាស់ផែនទីនៃការប្រើប្រាស់ដីតែម្តង។ Zone មួយចំនួន… Zoneណា ដែលយើងធ្វើអាគារធំៗ Zoneណា ដែលយើងឱ្យធ្វើអាគារច្រើនជាន់ នៅក្នុងទៅរួមខេត្ត ឬមួយតំបន់Zoneណា, អាហ្នឹងខ្ញុំសុំឱ្យគិតគូរបែបនេះ ខេត្តផ្សេងៗដូចគ្នា រតនគិរី ក្រចេះ ស្ទឹងត្រែង ផ្សេងៗយើងមើលទៅតំបន់ណា? បើតំបន់ណាពាក់ព័ន្ធនឹងធម្មជាតិ ឧទាហរណ៍ ត្រីផ្សោតអីផ្សេងៗ ដែលយើងត្រូវការពារកុំឱ្យធ្វើអីដែលប៉ះពាល់ដល់រក្សាទៅ…ដីយើងមួយគំនរយើងរកកន្លែងណាដែលនេះទៅ អាហ្នឹងយើងសុំឱ្យគិតគូរបែបនេះ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំផ្នែករដ្ឋ ដោយត្រូវការពារថ្នាក់ថ្នមថែទាំនិងថែរក្សាវិនិយោគ, ចៀសវាងរាល់អំពើអសកម្មទាំងឡាយ ដែលបង្កការរំខានដល់ការប្រកបអាជីវកម្មរបស់ធុរជន។ សម្តេចបានបញ្ជាក់ថា អភិក្រម «រក្សាចាស់បង្កើនថ្មី» គឺមានភាពចាំបាច់ជាទីបំផុត។ សម្តេចបវរធិបតី បានថ្លែងថា សម្តេចពិតជាចង់ឃើញថា កម្មវិធីពិសេសនេះ ពិតជាជួយបង្កើត «ចរន្តសេដ្ឋកិច្ច» បានជាក់ស្តែងជួយដល់ភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយសម្តេចបញ្ជាក់ថា ជោគជ័យនេះ នឹងអាចកើតឡើងបានលុះត្រាណា មានការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋនិងវិស័យឯកជន។
សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ចុងក្រោយទៀតថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល៖
«ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភ នៃកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តកម្មវិធីនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការ ដើម្បីសម្រេចជោគជ័យស្របតាមគោលបំណង និងគោលដៅដែលបានដាក់ចេញ»។
«កម្មវិធីពិសេសជម្រុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» គឺជាកកម្មវិធី មិនត្រឹមតែឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព ឯករាជ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាជាភាពដ៏ចាំបាច់បំផុតរបស់ជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែងរបស់ប្រទេសកម្ពុជាថែមទៀត៕