(ភ្នំពេញ)៖ កងសង្គ្រោះបន្ទាន់ និងពន្លត់អគ្គិភ័យ៧១១ កងពលតូចលេខ៧០ បានបង្ហាញលេខទូរស័ព្ទ Hotline «711» ដើម្បីឲ្យប្រជាពលរដ្ឋ ត្រូវការសេវាសង្គ្រោះបន្ទាន់ និងគ្រោះអគ្គិភ័យ។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលអង្គភាព៧១១ បានឲ្យដឹងថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ប្រព័ន្ធទូរស័ព្ទ Hotline ដែលមានលេខបីខ្ទង់ (711) ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ពេលត្រូវការសេវាសង្គ្រោះបន្ទាន់ និងគ្រោះអគ្គិភ័យ។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ថា ការដាក់បង្ហាញលេខទូរស័ព្ទ Hotline នេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទំនងទំនង ទៅកាន់ស្ថានីយប្រចាំការ ២៤ម៉ោង/២៤ម៉ាង របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ កងទ័ពជើងគោក ក្រោមការណែនាំជាប់ជាប្រចាំរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ ហែម ថា មេបញ្ជាការកងពលតូចលេខ៧០។
សូមប្រជាពលរដ្ឋ ទូរស័ព្ទមកកាន់លេខ 711 (២៤/២៤ម៉ោង) បុគ្គលឹកប្រចាំរបស់កងប្រតិប្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ កងទ័ពជើងគោក ទទួលដោយរីករាយ និងពុំមានកាត់ថ្លៃសេវា ក្នុងការហៅទូរស័ព្ទចូលឡើយ។
ជាមួយគ្នានេះ កងពលតូចលេខ៧០ កងទ័ពជើងគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជា វ៉ាន់ដេត ដែលបានផ្តល់ប្រព័ន្ធទូរស័ព្ទ Hotline ដែលមានលេខបីខ្ទង់ (711) ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១។
ក្នុងឱកាសដ៏នក្ខត្តឫក្ស ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស ២៥៦៨ គ.ស ២០២៥ សូមបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕