(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ រួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើត តាមមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពេលបុណ្យចូលឆ្នាំ។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដែលតែងតែផ្តល់កិច្ចសហការល្អផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបានស្នើសុំនិងផ្ដល់ស្ទីកឃ័រ QR Code App NoDrug សម្រាប់បិទផ្សាយនៅលើរថយន្តក្រុងផ្ទាំង៦០០គ្រឿង ដែលនឹងជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំទាញយកនិងប្រើប្រាស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះដែរ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញបានសាទរ និងទទួលយកនូវការស្នើសុំកិច្ចសហការធ្វើសកម្មភាពផ្សព្វផ្សាយ ហើយលោកក៏បានជំរុញឲ្យអ្នកបើកបរ ក៏ដូចជាអ្នកបម្រើការនៅលើរថយន្តទាំងអស់ ឲ្យជួយផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋទាញយក App NoDrug :https://nodrugsnacd.com/download_kh ប្រើប្រាស់។
ជាមួយនឹងជំនួបដ៏ស្និទ្ធស្នាលនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសូមថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានអនុញ្ញាតជាគោលការណ៍ ដើម្បីសហការរៀបចំពិធីផ្សព្វផ្សាយនេះ៕