(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើសកម្មភាពភ្លាមៗ ស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធករណីដំឡើងពន្ធគយលើទំនិញកម្ពុជានោះ, នៅពេលនេះ ភាគីសហរដ្ឋអាម៉េរិក បានឆ្លើយតបជាវិជ្ជមាន សំណើសុំបើកការចរចាស្វែងរកដំណោះស្រាយបញ្ហាពន្ធគយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ។
បើតាមក្រសួងពាណិជ្ជកម្ម ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនដូច្នេះថា «រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមាន ពីភាគីសហរដ្ឋអាម៉េរិក លើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា»។
សូមជម្រាបថា ប្រធានាធិបតី Donald J. Trump នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជានឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ៕