(ភ្នំពេញ)៖ យុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និង អាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នាទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានការអញ្ជើញចូលរួមពីលោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, លោកស្រី Clare Conan តំណាង និងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា, លោក Fabrice Etienne តំណាងស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា, លោក Marc Thayre តំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោកស្រី លោក លោកស្រី នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ, លោក លោកស្រី នៃក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី ខេត្ត, លោក លោកស្រីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងសិស្ស និស្សិតជាច្រើនរូបទៀត។

លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានធ្វើបទបង្ហាញសង្ខេបពីយុទ្ធសាស្ត្រនេះ ដោយបញ្ជាក់ពីសារៈសំខាន់នៃការធ្វើសមាហរណកម្មកម្ពុជា ចូលទៅក្នុងយន្តការ ក្នុងតំបន់និងពិភពលោក តាមរយៈការចូលរួមអនុវត្តគំនិតផ្តួចផ្តើមនានា ដូចជា៖ សន្និសីទកំពូលស្តីពីប្រព័ន្ធស្បៀង របស់អង្គការសហប្រជាជាតិ ចលនាបង្កើនអាហារូបត្ថម្ភពិភពលោក សន្និសីទកំពូលស្តីពីអាហារូបត្ថម្ភសម្រាប់ការលូតលាស់និងកំណើន សម្ព័ន្ធជើងឯកបរិវត្តកម្មប្រព័ន្ធស្បៀង និងសន្និសីទបណ្តាលភាគីនៃក្របខណ្ឌអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ជាដើម។

ជាក់ស្តែង កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការចាត់តាំងពីរាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមសន្និសីទកំពូលស្តីពីអាហារូបត្ថម្ភដើម្បីការលូតលាស់និងកំណើន (Nutrition for Growth Summit) នៅទីក្រុងប៉ារីស ប្រទេសបារាំង និងបានគាំទ្រដល់ការប្តេជ្ញាចិត្តសកលដោយផ្តោតលើអាហារូបត្ថម្ភ (Global Compact on Nutrition Integration)។ ក្នុងសន្និសីទកំពូលនេះ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសនានា ចំពោះអាហារូបត្ថម្ភ ដោយការប្តេជ្ញាចិត្តជាង ៤០០ ត្រូវបានចុះទៅក្នុងក្របខ័ណ្ឌគណនេយ្យភាពអាហារូបត្ថម្ភ (Nutrition Accountability Framework) ក្នុងនោះ កម្ពុជាមានការប្តេជ្ញាចិត្តចំនួន១០ ដោយផ្តោតសំខាន់ លើការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់៖ ក្រេសក្រិន ស្គមស្គាំង និងកង្វះមីក្រូសារជាតិ ក្នុងចំណោមកុមារ និង ស្ត្រី ហើយរារាំងការកើនឡើងការលើសទម្ងន់ និងធាត់ជ្រុល។

លោក Stefan Messerer បានបញ្ជាក់ថា យុទ្ធសាស្ត្រនេះ មិនត្រឹមតែជាឯកសារគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធសាស្ត្រនេះ គឺជាកញ្ចក់ឆ្លុះពីបំណងប្រថ្នារបស់កម្ពុជា ក្នុងការសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។ យុទ្ធសាស្ត្រនេះ រំលឹកយើងថា រង្វាស់ពិតប្រាកដនៃការអភិវឌ្ឍប្រទេសជាតិមិនមែនត្រឹមតែជាសូចនាករសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ សុខុមាលភាពរបស់កុមារ សុខភាពរបស់ស្ត្រី និងសេចក្តីថ្លៃថ្នូរដែលប្រជាពលរដ្ឋគ្រប់រូប ទទួលបានអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ទឹកស្អាតនិងអនាម័យ និងការថែទាំដ៏ប្រសើរ។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ អុក រ៉ាប៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ តំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថានទូតសហព័ន្ធអាល្លឺម៉ង ទីភ្នាក់ងារអង្គការសហប្រជាជាតិនានា រួមមាន FAO, UNICEF, WFP, WHO អង្គការអន្តរជាតិរួមមាន៖ GIZ, HKI, NI, IIRR, World Fish, World Vision, Plan International ។ល។ ដែលបានសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ រៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ នេះឡើង។

បណ្ឌិតសភាចារ្យបន្តថា ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមអបអរសាទរការប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ប៉ុណ្ណោះទេ តែជាការលើកទឹកចិត្តដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្តបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន ក្នុងការដឹកនាំ សម្របសម្រួលការងារប្រព័ន្ធស្បៀង និងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០។

ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តយក មនុស្ស ជាអាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍមូលធនមនុស្ស ដែលគិតគូរទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន និងការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។

ចំណែកបញ្ចកោណទី៤ ស្តីពី ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន បានផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ ការធានាបាននូវចីរភាព បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍកសិកម្ម និងជនបទ សំដៅពង្រឹងបន្ថែមតួនាទី និងការអភិវឌ្ឍ វិស័យកសិកម្មឱ្យកាន់តែមានភាពទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពម្ហូបអាហារ ជំរុញការប្រកួតប្រជែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាអាទិភាព គន្លឹះ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់ផលិតភាពការងារ និងអភិវឌ្ឍមូលធនមនុស្ស។

ក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ដែលមានចក្ខុវិស័យធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវអាហារគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព និងការពារពីបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ តាមរយៈការពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពធន់ ចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាន អាហារូបត្ថម្ភល្អ និងសុខភាពល្អ។

ដោយផ្អែកលើវឌ្ឍនភាពជាតិដ៏រឹងមាំ កម្ពុជាមានការប្តេជ្ញាចិត្តធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព មានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព។

រាជរដ្ឋាភិបាលនឹងពង្រឹងសេវាអាហារូបត្ថម្ភ និងសេវាសុខាភិបាល ពង្រីកជំនួយសង្គមដល់ស្ត្រី និងកុមារដែលងាយរងគ្រោះ លើកកម្ពស់កសិកម្មឆ្លាតវៃដែលគិតគូរពីបរិស្ថាន និងកសាងភាពធន់នៃប្រព័ន្ធស្បៀង។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងខាងលើនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏បានសហការជាមួយក្រសួងពាក់ព័ន្ធនានា ផ្តោតលើការពង្រឹងការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហាររួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអីវ អំបិល និងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន។ ការប្តេជ្ញាចិត្តទាំងនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ក្នុងការកសាងសុខុមាលភាពសង្គម ភាពធន់ និងប្រកបដោយបរិយាប័ន្ន ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

ដើម្បីឱ្យការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖

ទី១៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ធ្វើការចុះផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ដើម្បីបង្កើនការយល់ដឹង និងចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានទូលំទូលាយ,

ទី២៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវរៀបចំឲ្យមានកិច្ចប្រជុំទៀងទាត់ តាមរយៈក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត និងរាយការណ៏ពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធ សាស្ត្រនេះ ជូនរាជរដ្ឋាភិបាល៊

ទី៣៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសហការជាមួយភាគីពាក់ព័ន្ធ និងកៀរគររកជំនួយ ដើម្បីកសាងឯកសារគតិយុត្តិនានាឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិ សុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ នេះ

និងទី៤៖ សូមបណ្តាក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងវិស័យឯកជន បន្តចូល រួមគាំទ្រទាំងបច្ចេកទេស និងថវិកាដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីអនុវត្តយុទ្ធសាស្ត្រ ជាតិលើកទី៣នេះ ឱ្យទទួលបានជោគជ័យ៕