(ភ្នំពេញ)៖ ដើម្បីឱ្យការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ចេញអនុសាសន៍បន្ថែម ៤ចំណុច ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដាក់ចេញអនុសាសន៍ដូចនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រជាតស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីលោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោកស្រី Clare Conan តំណាង និងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា លោក Fabrice Etienne តំណាងស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក Marc Thayre តំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាលោកស្រី Emily Chartrand តំណាងស្ថានទូតកាណាដាប្រចាំកម្ពុជា និងមានអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

អនុសាសាន៍ទាំង ៤ចំណុចលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានដូចជា៖

ទី១៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ធ្វើការចុះផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤ -២០២៨ ទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ដើម្បីបង្កើនការយល់ដឹង និងចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានទូលំទូលាយ។

ទី២៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវរៀបចំឲ្យមានកិច្ចប្រជុំទៀង ទាត់ តាមរយៈក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត និងរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធ សាស្ត្រនេះ ជូនរាជរដ្ឋាភិបាល ។

ទី៣៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសហការជាមួយភាគីពាក់ព័ន្ធ និងកៀរគររកជំនួយ ដើម្បីកសាងឯកសារគតិយុត្តិនានា ឆ្លើយតបទៅនឹងការអនុវត្ត​យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ នេះ ។

ទី៤៖ សូមបណ្តាក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងវិស័យឯកជន បន្តចូល រួមគាំទ្រទាំងបច្ចេកទេស និងថវិកាដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីអនុវត្តយុទ្ធសាស្ត្រ ជាតិលើកទី៣នេះឱ្យទទួលបានជោគជ័យ។

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្ថែមថា ដោយផ្អែកលើវឌ្ឍនភាពជាតិដ៏រឹងមាំ កម្ពុជាមានការប្តេជ្ញាចិត្តធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានអាហារដែលមាន សារជាតិចិញ្ចឹមគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព មានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព ។ រាជរដ្ឋាភិបាលនឹងពង្រឹងសេវា​អាហារូបត្ថម្ភ និងសេវាសុខាភិបាល ពង្រីកជំនួយសង្គមដល់ស្ត្រី និងកុមារដែលងាយរងគ្រោះ លើកកម្ពស់ កសិកម្មឆ្លាតវៃដែលគិតគូរពីបរិស្ថាន និងកសាងភាពធន់នៃប្រព័ន្ធស្បៀង។

ព្រមជាមួយនឹងការកិច្ចខិតខំប្រឹងប្រែងខាងលើនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏បានសហការជាមួយក្រសួងពាក់ព័ន្ធនានា ផ្តោតលើការ ពង្រឹងការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល និងការលើកកម្ពស់សុវត្ថិភាព ចំណីអាហារ ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន។ ការប្តេជ្ញាចិត្តទាំងនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ក្នុងការកសាងសុខុមាលភាពសង្គម ភាពធន់ និងប្រកបដោយបរិយាប័ន្ន ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ៕