(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យចំនួន៦នាក់ ដែលក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ ហើយតែងលួចធ្វើសកម្មភាពឆែកឆេរប្រជាពលរដ្ឋនៅកន្លែងស្ងាត់ និងបន្លំលួចរកទ្រព្យសម្បត្តិពលរដ្ឋនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង​ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានគូសបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៦នាក់នេះ ក្រៅពីបន្លំប្រើប្រាស់ឯកសណ្ឋានមន្ដ្រីនគរបាលជាតិហើយនោះ ពួកគេក៏ធ្លាប់ធ្វើសកម្មភាពប្រមូលគ្នាជាក្រុម ដើម្បីជិះម៉ូតូនាំផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ដែលត្រូវបានអាជ្ញាធរហាមឃាត់ផងដែរ។

ជនសង្ស័យទាំង៦នាក់នោះរួមមាន ទី១៖ឈ្មោះ បាន ភ័ត្រ្ដា អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ គង់ យ៉ងជូរ អាយុ១៧ឆ្នាំ, ទី៣៖ឈ្មោះ ពុង ម៉េងហ៊ួរ អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ ឈុន ដារីញ៉ែល អាយុ១៧ឆ្នាំ, ទី៥៖ឈ្មោះ ម៉ៅ ផាន់នីម័រ អាយុ១៧ឆ្នាំ និងទី៦៖ឈ្មោះ តាំង ភក្ដី អាយុ១៨ឆ្នាំ។ សម្ភារដកហូតមាន ទូរស័ព្ទចំនួន៧គ្រឿង, ម៉ូតូចំនួន៣គ្រឿង និងសម្ភារមួយចំនួនទៀត។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង៦នាក់ខាងលើ ធ្លាប់ធ្វើជាក្រុមបើកម៉ូតូនាំផ្លូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់។ ក្រោយមកពួកខ្លួនក៏ឈប់ធ្វើពេលក្រសួងប្រកាសឲ្យបញ្ឈប់សកម្មភាពបើកម៉ូតូនាំផ្លូវរថយន្តពេទ្យ។

ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ មិនចាំថ្ងៃឈ្មោះ តាំង ភក្តី បានហៅប្រមូលក្រុមខ្លួនទាំង៦នាក់ បង្កើតក្រុមការងារដោយដាក់ឈ្មោះថា ក្រុម CID និងបានរៀបចំឲ្យឈ្មោះ ម៉ៅ ផាន់នីម័រ ស្លៀកឯកសណ្ឋាននគរបាលជាតិ និង៤នាក់ទៀត កាន់អាយកូម, ពាក់កាតឡូហ្គោនគរបាលព្រហ្មទណ្ឌ, ស្ពាយកាបូប មានឡូហ្គោ POLICE ដោយក្រុមខ្លួនបានចេញធ្វើសកម្មភាពក្នុងភូមិសាស្ត្រ សំរោងក្រោម ប្រហែល៥លើក។ ចំពោះសកម្មភាពប្រព្រឹត្ត ក្រុមខ្លួនបានធ្វើសកម្មភាពជិះម៉ូតូល្បាតតាមផ្លូវរទះភ្លើង, មហាវិថីឈ្មះៗ ដោយដេញឃាត់រឺម៉ក និងបានត្រួតពិនិត្យលើមនុស្ស ដែលអង្គុយនៅកន្លែងស្ងាត់ដើម្បីឆែករកគ្រឿងញៀន និងសម្ភារផ្សេងៗ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕