(កំពង់ឆ្នាំង)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងក្រុមការងារតម្រង់ទិសលើកស្ទួយជីវភាពសហគមន៍ពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោឌីភី របស់អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឌីភី ម្ចាស់ចម្ការ ឯ.ក ក្នុងភូមិដំណាក់ខ្លុង និងភូមិអូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា គោលបំណងនៃការអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោឌីភី នៅពេលនេះគឺក្នុងស្មារតីគ្រប់គ្រង និងអភិរក្សបឹងទន្លេសាប ក្រុមការងារតម្រង់ទិសលើកស្ទួយជីវភាពសហគមន៍ ប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប លើកទឹកចិត្តឱ្យមានការបង្កើតនូវខឿនសេដ្ឋកិច្ចថ្មី ដូចជាការចិញ្ចឹមគោពូជ និងគោយកសាច់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។
ជាទំនៀមទម្លាប់ យើងពឹងផ្អែកលើធនធានធម្មជាតិរបស់បឹងទន្លេសាប ដែលថ្ងៃនេះយើងបានឈានទៅគ្រប់គ្រងនិងផលិតស្រូវតាមតម្រូវការ ហើយយើងកំពុងឈានទៅផលិតត្រីតាមតម្រូវការផងដែរ។ បច្ចុប្បន្ន បងប្អូនប្រជាជនដែលកំពុងរស់នៅជុំវិញបឹងទន្លេសាប ក៏បានចាប់មុខរបរថ្មី គឺការផ្គត់ផ្គង់សាច់គោ សាច់ក្របី និយាយជារួមគឺការចិញ្ចឹមសត្វធ្វើជាអាហារ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ និងមានតម្លៃសមរម្យ។
ក្នុងឱកាសនោះអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី បានជម្រាប និងបង្ហាញពីបច្ចេកទេស និងដំណើរការចិញ្ចឹមគោរបស់កសិដ្ឋានឌីភី ដល់គណៈប្រតិភូដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផងដែរ។
កសិដ្ឋានចិញ្ចឹមគោឌីភី បានចាប់ផ្ដើមជាបណ្ដោះអាសន្នតាំងពីឆ្នាំ២០២២ ស្ថិតនៅភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើផ្ទៃដីបរិមាណជាង ៤០០ហិកតា (ផ្ទៃដីកសិដ្ឋានសរុបចំនួន ១៤០ហិកតា, ក្នុងនោះផ្ទៃដីដាំស្មៅចំនួន ៤០ហិកតា និងដាំពោតចំនួន ៣០ហិកតា) ហើយត្រូវបានទទួលស្គាល់ជាផ្លូវការអនុញ្ញាតឱ្យបង្កើតកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងបានចុះបញ្ជីកសិដ្ឋានចិញ្ចឹមសត្វ ឬបង្កាត់ពូជសត្វកាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ ដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការចាប់ផ្ដើមដំបូង កសិដ្ឋានមានគោញី ឈ្មោល និងកូនសរុបចំនួន ១៨០ក្បាល។ ដោយមានការស្រលាញ់លើវិស័យកសិកម្ម អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី បានពង្រីកការចិញ្ចឹមគោយកសាច់ និងបង្កាត់ពូជមេ ជាបន្តបន្ទាប់ គិតមកដល់ត្រឹមថ្ងៃនេះកសិដ្ឋានមានគោសរុបចំនួន ២,៥៤៩ក្បាល រួមមានគោព្រីម័រ មានពូជអ៊ែងកាត់ ឆាលែ សរុបចំនួន ៧៤៧ក្បាល, គោយកសាច់ មានពូជឆាលែ និងប្រាម៉ាន់ សរុបចំនួន ៥៩៤ក្បាល និងមេគោពូជសម្រាប់បង្កកំណើតបន្តមានពូជវ៉ាគីវ អ៊ែងកាត់ ឆាលេ ប្រ៉ាម៉ាន សរុបចំនួន ១,២០៨ក្បាល ក្នុងនោះមានមេពូជចំនួន ៦៨២ក្បាល មេជាប់កូនសរុបចំនួន ៤២៣ក្បាល និងមេផើមចំនួន ១០៣ក្បាល។
បច្ចុប្បន្ននេះ មានកម្មករ បុគ្គលិកបម្រើការងារសរុបចំនួន ៧២នាក់ ដោយចែកតាមផែ្នកនីមួយៗ មានអ្នកប្រចាំនៅរោងគោចំនួន ១៦នាក់ ផ្នែកខាងលាយចំណីចំនួន ៩នាក់ ផ្នែកខាងដាំដុំចំនួន ២៧នាក់ ក្រុមការងារចល័ត ១៥នាក់ មេកាចំនួន ៤នាក់ និងអ្នកគ្រប់គ្រងចំនួន ១នាក់។ ជាផែនការសម្រាប់ដំណើរការទៅមុខ ក្នុងឆមាសទី២ នៃឆ្នាំ២០២៥នេះនឹងស្នើសុំបង្កើតកន្លែងកាប់សាច់ វេចខ្ចប់ធ្វើសាច់ព្រីម័រ ចែកចាយក្នុងស្រុក និងនាំចេញទៅប្រទេសដៃគូ ហើយក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ នឹងបង្កើនឱ្យបានចំនួន ៥,០០០ក្បាល។
សូមជម្រាបផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបង្ហើបពីគម្រោងបើកដំណើរការលក់សាច់គោ វ៉ាគូរ អែងកាស់ នៅកសិដ្ឋាន ឌីភី ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមួយរយៈចុងក្រោយ អ្នកឧកញ៉ាបានធ្វើដំណើរទៅទស្សនកិច្ចសិក្សាកសិដ្ឋានចិញ្ចឹមគោជាច្រើន នៅបណ្តាប្រទេសមួយចំនួនដូចជា៖ ប្រទេសជប៉ុន ចិន និងប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗរបស់កសិដ្ឋានចិញ្ចឹមគោប្រទេសទាំងនោះ៕