(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីជ័យមង្គល ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ។

កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃចំនួន ៧អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាពិសេសត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាមគោរាគៈទេវី ដែលព្រះអង្គជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨ នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

នៅក្នុងពិធីនេះដែរ លោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនាមមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃនាយក និងព្រះភិក្ខុសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូនទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ៕