(កំពង់ធំ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងតំណាងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ប្រគល់ជូនដល់យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានចាត់តាំង តំណាងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន មកប្រគល់ជូនដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ នៅពេលដ៏ខ្លីខាងមុខនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភក្នុងពិធីបុណ្យចូចូលឆ្នាំថ្មី ប្រពៃណីជាតិនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅក្នុងឱកាសនេះ រួមមាន៖ គុយទាវកញ្ចប់មានចំនួន៥០កេស ទឹកក្រូចកំប៉ុងចំនួន ៥០កេស ស្ករសចំនួន២០០គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវចំនួន ១០០ យួរ និងថវិកាចំនួន ៣,០០០,០០០ លានរៀល ហើយអង្គភាព និងចាត់ចែងអំណោយនេះ ដើម្បីរៀបចំពិធីអាហារសាមគ្គី ជូនដល់កងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លំាងដែលកំពុងប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមបណ្តាគោលដៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕