(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាស្តីពី «ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា» ហើយការចូលរួមរបស់អ្នកសារព័ត៌មានកម្ពុជា និងចិនក្នុងកម្មវិធីនេះ ជាឧទាហរណ៍មួយដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលមានទិសដៅច្បាស់លាស់ យូរអង្វែង ធ្វើឱ្យអ្នកសារព័ត៌មានយល់កាន់តែច្បាស់ អំពីបរិបទពិតប្រាកដនៃការអភិវឌ្ឍ និងកិច្ចសហការ ព្រមទាំងបញ្ហាប្រឈមនានាសំដៅផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ដោយធានានូវគុណភាព សុវត្ថិភាព និងលឿនរហ័សទាន់សភាពការណ៍។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា វិស័យព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងរបស់ប្រជាជនតាមរយៈការបញ្ជូនព័ត៌មានពិតនិងត្រឹមត្រូវ ហើយក៏ជាស្ពានផ្សារភ្ជាប់ទំនាក់ទំនង ពង្រឹងសាមគ្គីភាព និងបង្កើនស្មារតីមិត្តភាពលើវិស័យវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។ បច្ចុប្បន្ននេះ កិច្ចសហការរវាងប្រទេសមហាមិត្តទាំងពីរ បាននឹងកំពុងបោះជំហានទៅមុខ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ការទូត ហេដ្ឋារចនាសម្ព័ន្ធ សង្គម និងវប្បធម៌ ដែលក្នុងនោះរាប់បញ្ចូលទាំងវិស័យព័ត៌មាន និងសោតទស្សន៍ផងដែរ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ប្រទេសកម្ពុជា និងចិន បាននឹងកំពុងអនុវត្តគម្រោងរួមគ្នាជាច្រើនពាក់ព័ន្ធនឹងវិទ្យុ និងទូរទស្សន៍ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធក្នុងប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលមន្ត្រីជំនាញ ដំណើរទស្សនកិច្ចសិក្សា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាដើម។ ជាក់ស្តែង ក្រសួងព័ត៌មានកម្ពុជាបានចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងជាច្រើនជាមួយស្ថាប័នរដ្ឋ និងឯកជនចិន ដែលក្នុងនោះរួមមាន៖ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA) អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) មន្ទីរឃោសនាការខេត្តយូណាន កាសែត យូណាន ដេលី គ្រុប និងស្ថាប័នផ្សព្វផ្សាយផ្សេងៗទៀតរបស់ចិន។ ជាងនេះទៅទៀត ក្រសួងព័ត៌មាន បានទទួលនូវការគាំទ្រផ្នែកហិរញ្ញប្បទានតាមរយៈមូលនិធីពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍តាំងពីឆ្នាំ២០១៨មក។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា វេទិកាថ្ងៃនេះបានផ្តល់នូវឱកាសដ៏មានតម្លៃនៃការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរ បទពិសោធ និងការចែករំលែកចក្ខុវិស័យរវាងអ្នកសារព័ត៌មានកម្ពុជា និងចិន ដែលទាក់ទងភាពរីកចម្រើននៃប្រទេសទាំងពីរ និងជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែម សម្រាប់សង្គមជាតិទាំងមូល ជាពិសេសសម្រាប់កម្ពុជា-ចិន។ ផ្សារភ្ជាប់ជាមួយកម្មវិធីនាថ្ងៃនេះ ដំណើរទស្សនកិច្ច សារព័ត៌មានរួមកម្ពុជា-ចិន បានផ្តោតជាសំខាន់លើគម្រោងអភិវឌ្ឍន៍ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីគោលជំហររួមគ្នា ក្នុងការលើកកម្ពស់ភាពយល់ដឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយូរអង្វែងរវាងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យសាធារណជន និងពិភពលោក ជាពិសេសប្រជាជននៃ ប្រទេសទាំងពីរ យល់ច្បាស់អំពីគម្រោងសំខាន់ៗ ដែលប្រទេសជាមិត្តដែកថែបទាំងពីរបានសហការ អនុវត្តរួមគ្នាដូចជាមន្ទីរពេទ្យព្រះកុសុមៈ តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ កំពង់ផែស្វយ័តព្រះសីហនុ ស្ថានីយវារីអគ្គិសនីសេសានក្រោម២ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ គម្រោងស្ពានចាក់អង្រែ ជាពិសេសមជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ដែលបានដាក់សម្ពោធជាផ្លូវការកាលពី ពេលថ្មីៗនេះ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការផ្អែកលើអត្ថប្រយោជន៍រួម សុភមង្គលរួម និងអនាគត រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹងនឹងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន មានការប្រែប្រួល និងវិវត្តន៍គួរកត់សម្គាល់ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរីកសាយភាយនៃប្រព័ន្ធផ្សព្វផ្សាយជំនាន់ថ្មីបានផ្តល់នូវសិទ្ធិ អំណាចដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន និងការបញ្ចេញទស្សនៈបានទូលំទូលាយ។ ប៉ុន្តែ ជាមួយនេះការវិវត្តយ៉ាងឆាប់រហ័សនេះ ក៏បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដូចជា៖ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាដើម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងធានាបាននូវសុចរិតភាពនៃវិជ្ជាជីវៈសារព័ត៌មាន អ្នកសារព័ត៌មានត្រូវមានចំណេះដឹងពីអក្ខរកម្មឌីជីថល យល់ច្បាស់ពីក្រមសីលធម៌ និងវិជ្ជាជីវៈ និងត្រូវធានាថាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលស្របតាម គោលការណ៍ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយត្រូវផលិតព័ត៌មានដែលមានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានគុណភាព។ លោករដ្ឋមន្ត្រីសង្ឃឹមថាអ្នកសារព័ត៌មាន មកពីប្រទេសទាំងពីរ នឹងរៀនសូត្រពី គ្នាទៅវិញទៅមក នៅក្នុងវេទិកាថ្ងៃនេះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ៕