(ភ្នំពេញ)៖ កាលថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំរៀបចំកម្មវិធី មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិលដៅការងារឆ្នាំ២០២៥ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលមានអ្នកចូលរួមពីសំណាក់បណ្ដាក្រសួពាក់ព័ន្ធងនានា ជាពិសេសម្ចាស់សហគ្រាសដែលជា សហគ្រាសធុនតូច និងមធ្យម កម្ពុជា មកពីបណ្ដាខេត្តរាជធានី ទាំង២៥ ចំនួន ប្រមាណ ៥០០នាក់ និងការដាក់តាំងបង្ហាញផលិតផលរបស់SME ជាង១០០មុខ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិពរណ៌កោះពេជ្រ។
គោលបំណងនៃការធ្វើកម្មវិធីមហាសន្និបាត គឺដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងបង្ហាញចំណុចសំខាន់ៗ និងភាពជោគជ័យក្នុងការជម្រុញភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសការលើកផែនការ និងទិសដៅសម្រាប់ឆ្នាំ២០២៥ បង្ហាញអោយឃើញនូវគោលដៅ គំនិតផ្តួចផ្តើម និងគោលបំណងអាទិភាពក្នុងការជម្រុញនវានុវត្តន៍ ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងជំរុញទៅលើការអភិវឌ្ឍន៍ដោយចីរភាព។ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ក្នុងនោះសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏ធ្វើការលើកទឹកចិត្តដល់សមាជិកសកម្មដែលបានរួមចំណែក លះបង់ ចូលរួមយ៉ាងសកម្ម និងបំផុសនូវការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាភិបាល សមាជិក ដៃគូអភិវឌ្ឍន៍នានា ក្នុងការពង្រីកភាពជាដៃគូ បង្កើតឳកាសសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមបន្ថែមទៀត។
កម្មវិធីមហាសន្និបាតនេះទទួលបានការគាំទ្រដោយ សហគ្រិនខ្មែរ (KE)។ និងដៃគូឧបត្ថម្ភ ដូចជាក្រុមហ៊ុន Cambodian SME trading, SCE, MKC, Honda, ANT, Bridge Bank, Vattanac Brewery និង FASMEC microfinance ។ល។