(កំពង់ធំ)៖ លោក អៀង សុភាព ប្រធានមន្ទីរការងារ លោក អៀង សុភាព តំណាង លោក នន់ សុផល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននាំយកអំណោយ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ប្រគល់ជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀង នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន៥០គ្រួសារ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
លោក អៀង សុភាព បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក វង្សី វិស្សុត ដែលជានិច្ចកាល តែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាត្រូវជ្រើសរើសមុខសញ្ញាឱ្យបានចំគោលដៅពិតប្រាកដ សំដៅធានាបានការចែកអំណោយនេះពិតឆ្លើយតបបាននូវការខ្វះខាតពិតប្រាកដ មានតម្លាភាព។
លោកសំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តាជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងក្មេងទំនើង និងសូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មាន មកសមត្ថកិច្ចក្នុងករណីបានដឹងថាមានបទល្មើសគ្រឿងញៀន ឬក្មេងទំនើងកើតឡើង ក្នុងមូលដ្ឋាន។
លោក អៀង សុភាព បានបញ្ជាក់បន្ថែមទៀតថា ដោយសារតែបច្ចុប្បន្នអាកាសធាតុ មានការប្រែប្រួល និងមានខ្យល់ត្រជាក់នៃរដូវរងារ បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សវ័យចំណាស់ ត្រូវចេះការពារ និងថែរក្សាសុខភាពឱ្យបានល្អ នារដូវត្រជាក់នេះជៀសវាងជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុ។
អំណោយមនុស្សដែលប្រគល់ជូនប្រជាពលរដ្ឋមានក្នុង១គ្រួសារៗទទួលបាន អង្ករ ៥០ គីឡូក្រាម និងថវិកា ៥ ម៉ឺនរៀល៕