(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ទូទាំងខេត្ត​ ត្រៀមចេញប្រតិបត្តិការតាមផែនការ និងគោលដៅដែលបានកំណត់ និងចល័តគ្រប់ ច្រកល្ហក ពិសេសតំបន់ដែលមានមនុស្សលេងកម្សាន្តច្រើន ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ពលរដ្ឋ ដែលនឹងលេងកម្សាន្តអំឡុងពេលបុណ្យចូលឆ្នាំ ហើយក៏ត្រូវដាក់កម្លាំងសម្រួលចរាចរណ៍ផងដែរ ពិសេសម្ដុំស្ពានអ្នកលឿង។

មេបញ្ជាការខេត្តរូបនេះ បានថ្លែងបញ្ជាយ៉ាងម៉ឺងម៉ាត់ នៅគ្រាដែលលោកត្រួតកម្លាំង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យកម្លាំង គ្រឿងបំពាក់ មធ្យោបាយ ។ល។ សំដៅដល់ការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់ បង្ក្រាប និងជួយសង្គ្រោះ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។

មេបញ្ជាការថ្លែងថា អនុវត្តតាមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងយើងមកជួបជុំចំនួន១៧១នាក់នេះ​គឺ ត្រូវលះបង់កម្លាំងកាយចិត្ត ដាក់បេះដូងបម្រើជាតិ មាតុភូមិ ការពារពលរដ្ឋ ពិសេសពេលបុណ្យទានធំៗជាដើម។ តួយ៉ាងដូចជាបុណ្យចូលឆ្នាំឆាប់ៗខាងមុខនេះ ពលរដ្ឋទាំងអស់សប្បាយរីករាយណាស់ក្រោមម្លប់សន្តិភាព ប៉ុន្តែសួរថា កងកម្លាំងអាចទៅលេងសប្បាយបែបចឹងបានទេ? គឺមិនបានទេ ពួកយើងគឺកងកម្លាំង ចាំបាច់ត្រូវការពារសុវត្ថិភាព អត់មានថ្ងៃសម្រាក គ្មានថ្ងៃបុណ្យទានអ្វីឡើយ ពោលគឺសំដៅអនុវត្ត៍កតព្វកិច្ចឲ្យបានល្អបំផុត។

លើសពីនេះ កម្លាំងយើងត្រូវទប់ស្កាត់ការបង្កបាតុភាពចលាចលផ្សេងៗ បណ្តាលឲ្យខូចរបៀបរៀបរយសន្តិសុខសាធារណៈ ដូចជា៖ ក្មេងទំនើង បង្ករបួសស្នាម លួច ឆក់ ប្លន់ ចាប់ជំរិតយកប្រាក់គ្រប់រូបភាព ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រមទាំងបង្កើតសកម្មភាពផ្សេងៗ។ កម្លាំងត្រៀមជួយសង្គ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងឧបទ្ទវហេតុផ្សេងៗ ពិសេសករណីអគ្គិភ័យផងដែរ។

លោកមេបញ្ជាការបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ មុននឹងចាកចេញ ពីផ្ទះទៅដើរលេងតាមរមណីយដ្ឋាននានា សូមពិនិត្យភ្លើងធូប ទៀន ឬបិទអគ្គិសនីឲ្យបានត្រឹមត្រូវដើម្បីការពារ និងចៀសវាងការកើតមានគ្រោះអគ្គិភ័យ ជាដើម៕