(សេអ៊ូល)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃដំបូង នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ឺ (Hanyang Cyber University) ដែលជាសាកលវិទ្យាល័យមួយមានឈ្មោះល្បី នៅសាធារណរដ្ឋកូរ៉េ លើការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា តាមអនឡាញ។

ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានៅសាកលវិទ្យានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យានិងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងសមត្ថភាពជូនតំណាងរាស្រ្ត ក៏ដូចជាការបណ្តុះបណ្តាល ថ្នាក់ក្រោយឧត្តមសិក្សាជូនមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិត ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ។

លោកបណ្ឌិត គី ចឹងលី (Ki-Jeong Lee) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យទំាងអស់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតចំពោះវត្តមានដ៏ឧត្តុងឧត្តម របស់សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់សាកលវិទ្យាល័យដោយផ្ទាល់។ លោកបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកនាំរបស់ សម្តេចប្រធានរដ្ឋសភា ដែលមិនត្រឹមតំណាងឱ្យស្រ្តីដឹកនាំគំរូមួយក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ និងឆាកអន្តរជាតិទៀតផង។ សម្តេច ជាបុគ្គលឆ្នើមមួយរូបដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាអ្នកដឹកនាំប្រកបដោយភាពឈ្លាសវៃ ថែមទៀតផង។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យបានជម្រាបជូនពីប្រវត្តិ និងស្ថានភាព និងកម្មវិធីបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យជូនសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ។ នៅក្នុងនោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានសម្តែងការពេញចិត្តនិងគំាទ្រពេញទំហឹងក្នុងការរួមភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការជួយគំាទ្រដល់ការអប់រំនៅកម្ពុជា។

សាកលវិទ្យាល័យហាន់យ៉ាង សាយប៊ឺ ជាសាកលវិទ្យាលដែលល្បី និងតែមួយគត់នៅសាធារណរដ្ឋកូរ៉េ ក្នុងការបង្រៀនតាមអនឡាញ លើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ប្រកបដោយគុណភាពខ្ពស់បំផុត។ សាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់លេខ ១ ផ្នែកសាយប៊ឺ និងលេខ១ លើផ្នែកទំនួលខុសត្រូវសង្គម។ សាកលវិទ្យាល័យ ជាបេះដូងគំរូនៃការផ្លាស់ប្តូរសាកល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់សាកលវិទ្យាល័យ ជូនគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋសភា។ សម្តេចមានក្តីរីករាយ ដែលមានឱកាសបានមកទស្សនកិច្ចនៅសាកលវិទ្យាល័យ ហើយបានពិនិត្យឃើញថា ហាន់យ៉ាងសាយប៊ឺ ពិតជាសាកលវិទ្យាល័យមួយដ៏ល្បីនៅក្នុងប្រទេសកូរ៉េ ក៏ដូចជាក្នុងតំបន់ និងសកលលោក ប្រកបដោយគុណភាព និងសក្តានុពល។

សម្តេចរដ្ឋសភាធិបតី បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសាកលវិទ្យាល័យ ដែលដឹកនាំដោយលោកបណ្ឌិត លោកបណ្ឌិត សឹង កឹនអូ (Seong-Geun Oh)សាកលវិទ្យាធិការរង ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែកុម្ភៈឆ្នាំនេះ និងបានធ្វើបទបង្ហាញអំពីយន្តការបង្រៀនរបស់សកលវិទ្យាល័យ ជូនថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទំាងបានជួបសម្តែងការគួរសមជាមួយសម្តេចផងដែរ។

កាលនោះសម្តេចនិងលោកបណ្ឌិត បានពិភាក្សានិងឯកភាពគ្នាឱ្យមានកិច្ចសហការជាមួយគ្នាលើការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ព្រោះភាគីទាំងពីរបានទទួលស្គាល់ថា ធនធានមនុស្សដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍជាតិ ហើយនឹងមានកិច្ចសហប្រតិបត្តិការជាក់ស្តែង តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យ និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានផ្តល់អាទិភាពដល់កំណែទម្រង់ និងទំនើបភាវូបនីយកម្មស្ថាប័ន តាមរយៈការអនុវត្តសភាឌីជីថល និងការអភិវឌ្ឍសមត្ថភាពរបស់សមាជិក សមាជិការដ្ឋសភា ក៏ដូចជាមន្រ្ដីជំនាញ នៃអគ្គលេខាធិការដ្ឋាន។ ចាប់តាំងពីការចាប់ផ្ដើមនីតិកាលទី៧ មករដ្ឋសភាបានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងវិជ្ជាជីវៈ ជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជំនួយបច្ចេកទេសនិងអាហារូបករណ៍ ដែលសាកលវិទ្យាល័យ Hanyang Cyber នឹងផ្តល់ជូនដល់រដ្ឋសភាកម្ពុជា គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់ធនធានមនុស្ស និងសមត្ថភាពរបស់តំណាងរាស្រ្ត ក៏ដូចជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ឆ្លើយតបទៅតម្រូវការជាក់ស្តែង និងជួយពន្លឿនដល់កំណែទម្រង់របស់រដ្ឋសភា ក្នុងការឈានឆ្ពោះទៅកាន់សភាឌីជីថលនាពេលអនាគត ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានផ្តល់អាទិភាពលើបច្ចេកវិទ្យា ជាអាទិភាពក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ សម្រាប់ការអភិវឌ្ឍប្រទេសជាតិមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»