(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បាននិមន្តព្រះសង្ឃ ចំនួន៧ព្រះអង្គ ធ្វើពិធីសូត្រ​មន្តប្រោះព្រំ អគារសាលប្រជុំរដ្ឋបាលខេត្តថ្មី និងចម្រើន​ព្រះបរិត្ត ដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។

ពិធីនេះបានការអញ្ជើញចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, នាយករងរដ្ឋបាល, នាយក នាយករងទីចាត់ការ, មន្រ្តីរាជការគ្រប់ទីចាត់ គ្រប់ការិយាល័យ និងអង្គភាពចំណុះឱ្យរដ្ឋបាលសាលាខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ។

បន្ទាប់ពីថ្វាយទានធូប និងសូត្រនមាស្សការថ្វាយបង្គំព្រះរតនត្រៃ ដើម្បីគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ នៃយើងរួចមក, ព្រះសង្ឃក៏បានសូត្រស្វាធ្យាយជយន្តោ ប្រោះព្រហ្មនូវពុទ្ធមង្គលជ័យ សូមឱ្យទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (សត្វខ្លា) ជាយានជំនិះ ដែលបានយាងចុះមកអភិបាលរក្សាទឹកដីនៃកម្ពុជា ក៏ដូចជាខេត្តពោធិ៍សាត់ សូមឱ្យសន្តិភាពជារៀងរហូតតទៅ។

សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក មានគុណបុណ្យព្រះរតន:ត្រ័យកែវទាំងបី និងទេវតាឆ្នាំថ្មី បញ្ចេញនូវមហិទ្ធិរិទ្ធិថ្វាយនូវសព្ទសាធុការពរ មហាសួស្តី មហាបវរ មហាប្រសើរ និងមហាវិបុលសុខគ្រប់ប្រការ ជូនចំពោះលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត ព្រមទាំងបុត្រាបុត្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល សូមជួបប្រទះតែសេចក្តីសុខ ពុំមានជំងឺដង្កាត់ណាមកបៀតបៀន។

ជាមួយគ្នានោះ សូមឱ្យសុខភាពល្អបរិបូណ៌ និងមានកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីឈានទៅដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តពោធិ៍សាត់ ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងឆ្នាំថ្មី ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងភាពប៉ិនប្រសព្វ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត និងមន្រ្តីរាជការ ក៏បានទស្សនាការសម្តែងរបាំត្រុដិ ដែលជារបាំប្រពៃណីមួយ គេច្រើនលេងតែក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់អ្នកស្រុក ក៏ដូចជាថ្នាក់ដឹកនាំផងដែរ៕