(កំពង់ចាម)៖ លោក ថំ បណ្តូល អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាល បានប្រគល់វិញ្ញាសារប្រឡង និងអត្រាកំណែដល់ លោក ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ក្នុងរួមនោះមានកញ្ចប់វិញ្ញាសាចំនួន ១០កញ្ចប់ និងកញ្ចប់អត្រាកំណែចំនួន ១កញ្ចប់ សម្រាប់ការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ។
លោក ថំ បណ្តូល បានឱ្យដឹងថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៥ ខាងមុខនេះ នៅក្នុងខេត្តកំពង់ចាម ទាំងមូល គ.ជ.ប ត្រូវការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត សរុបចំនួន ២៦២រូប សម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាម ឃុំ សង្កាត់ ទាំង ១០៩ឃុំ សង្កាត់ ។ ជាមួយគ្នានេះដែរ លោកបានក្រើនរំលឹកដល់ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក អនុគណៈកម្មការរៀបចំការប្រឡងទាំងអស់ឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃការប្រឡងដែលបានកំណត់ដោយ គ.ជ.ប សំដៅធ្វើយ៉ាងណាដើម្បីធានាឱ្យដំណើរការនៃការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានមន្រ្តីដែលមានសមត្ថភាពសមស្របនឹងមុខដំណែង ៕