(ភ្នំពេញ)៖ ប្រទេសចិន និងកម្ពុជា មានការផ្លាស់ប្តូរមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបដែលរួមសុខទុក្ខជាមួយគ្នាទៅវិញ ទៅមក។ នៅឆ្នាំ២០២៣ ប្រធានលោកស៊ី ជីនភីងបានផ្តួចផ្តើមក្របខ័ណ្ឌសហប្រតិបត្តិការ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរ ដែលបានបើកកិច្ចសហប្រតិបត្តិការទូលំទូលាយ និងស៊ីជម្រៅលើវិស័យនយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំជាប់គ្នានិង បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនិងការវិនិយោគ។ តាមរយៈគម្រោង «ផ្លូវមួយខ្សែក្រវាត់មួយ» គឺជាគម្រោងប្រវត្តិសាស្ត្រដែលរួមមានដូចជា តំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុជាដើម ដែលក្លាយជាគំរូសំខាន់សម្រាប់ការតភ្ជាប់គ្នាក្នុងតំបន់។ នេះជាការបញ្ជាក់របស់លោក ថាន ជុន (Tan Jun) អនុប្រធានក្រុមហ៊ុន Huawei ប្រចាំអាស៊ីអាគ្នេយ៍។

ក្នុងឱកាសថ្លែងសុន្ទរកថានៅក្នុងវេទិកាជាន់ខ្ពស់ស្តីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ លោក ថាន ជុន ក៏បានចង់ចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមហ៊ុន ហួវៃ កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ICT នៅក្នុងប្រទេសកម្ពុជា និងការរំពឹងទុករបស់យើងសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះឈ្នះ និងវិបុលភាពរវាងប្រទេសកម្ពុជានិ ងប្រទេសចិន។

អនុប្រធានក្រុមហ៊ុន ហួវៃ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា ក្រុមហ៊ុន ហួវៃ មានមោទនភាពដែលបានរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា ហើយតែងតែចាត់ទុកប្រទេសកម្ពុជាជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ដោយសារតែការផ្លាស់ប្តូរដ៏ធំដែលមិនទាន់ បានកើតឡើងក្នុងរយៈពេលមួយរយឆ្នាំ ដូចនេះឱកាស និងបញ្ហាប្រឈមក៏នៅតែមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។

«យើងជឿជាក់ថាសេដ្ឋកិច្ចឌីជីថល ដែលជាទម្រង់មួយនៃសេដ្ឋកិច្ចធំៗកំពុងរីកចម្រើនគឺជាសសសរស្តម្ភសំខាន់ក្នុងការកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ និងដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា និងជាម៉ាស៊ីនដ៏សំខាន់មួយក្នុងការសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ។ ក្រុមហ៊ុន ហួវៃ មានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើជាសាក្សី និងរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជាក្នុងរយៈពេល២៦ឆ្នាំមកនេះ ហើយនឹងបន្តធ្វើការយ៉ាងជ្រាលជ្រៅនៅក្នុងវិស័យនេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ លោក ថាន ជុន។

គ្រឹះនៃយុគសម័យឌីជីថល ICT គឺសំខាន់ណាស់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកផ្តល់ ដំណោះស្រាយICTឈានមុខគេលើពិភពលោកតែងតែប្រកាន់ភ្ជាប់នូវទស្សនៈ «ការតភ្ជាប់នូវកន្លែងដែលមិនមានតំណភ្ជាប់ Connect the Unconnected»។ ជឿជាក់ថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំគឺជាកត្តាដ៏ សំខាន់មួយសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុន ហួវៃ បានវិនិយោគយ៉ាងខ្ជាប់ខ្ជួននៅកម្ពុជា ដើម្បីជួយប្រទេសកម្ពុជាកសាងបណ្តាញទំនាក់ទំនងប្រកបដោយល្បឿនលឿន ស្ថិរភាព និងមានសុវត្ថិភាព ជាមួយនឹងបច្ចេកវិទ្យា និងសេវាដ៏ទំនើប។

តាមរយៈការសហការជាមួយដៃគូរបស់យើង ក្រុមហ៊ុន ហួវៃ បានសាងសង់ស្ថានីយ៍មូលដ្ឋានទូរគមនាគមន៍ជាង ១០,០០០កន្លែងនៅកម្ពុជា ដែលផ្តល់នូវការគ្របដណ្តប់បណ្តាញ 4G សម្រាប់ប្រជាជនជាង ៨០% និងភ្ជាប់ខេត្តដាច់ស្រយាលទៅកាន់សរសៃឈាមសេដ្ឋកិច្ចឌីជីថលតាមរយៈបណ្តាញខ្សែកាបអុបទិ។ ភូមិ និងតំបន់ដាច់ ស្រយាលកាន់តែច្រើនក៏កំពុងទទួលបានបទពិសោធន៍នៃយុគសម័យឌីជីថល។

សម្រាប់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ដោយឡែកទិដ្ឋភាពសេដ្ឋកិច្ច យើងឃើញថា ផ្តើមចេញពីមិត្តភាពដែកថែប វិនិយោគិនចិនកាន់តែច្រើនបានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ជាក់ស្ដែងដូចដែលបានលើកឡើងក្នុងបទបង្ហាញរបស់តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC), ក្រុមហ៊ុនគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ឆាយណាហ៊ួទៀន និងក្រុមហ៊ុនហ៊ួវ៉ី គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យបច្ចេកវិទ្យានិងព័ត៌មាន។

លោកបណ្ឌិតសភាចារ្យ បានរម្លឹកថា ក្នុងជំនួបកម្រិតខ្ពស់រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ភាគីទាំងពីរបានអះអាងជាថ្មីថា មិត្តភាពដែកថែបកម្ពុជា-ចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការលួងលោមនិងការលើកឡើងរបស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់មិត្តភាពរវាងកម្ពុជានិងចិនក៏ដោយ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា មិត្តភាពដែកថែបនេះរឹងមាំដោយសារការជឿទុកចិត្តគ្នាដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំនងយុទ្ធសាស្រ្តដៃគូគ្រប់ជ្រុងជ្រោយ ពោលគឺ ការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ។ ភាគីទាំងពីរប្តេជ្ញាជាថ្មី ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់ ក្នុងយុគសម័យថ្មី។ ប្រទេសចិនប្តេជ្ញាគាំទ្រកម្ពុជាយ៉ាងមុតមាំ ដើម្បីសម្រេចគោលដៅរបស់ខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕