(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិកសុខាភិបាលទាំងអស់ ពិសេសគ្រូពេទ្យដែលតែងតែនៅជាប់ជាមួយអ្នកជំងឺ សូមមើលថែរក្សា និងបម្រើប្រជាពលរដ្ឋ ដោយក្ដីស្រលាញ់ ថ្នាក់ថ្នមលួងលោម ដើម្បីផ្ដល់ភាពកក់ក្ដៅ និងទុកចិត្ដខ្ពស់ពីអ្នកជំងឺ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក មហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ ទិសដៅការងារ និងបោះឆ្នោតជ្រើសរើសការិយាល័យក្រុមប្រឹក្សាអាណត្តិទី៤ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «យើងជាគ្រូពេទ្យទោះបានសិក្សារៀនសូត្រកាន់តែខ្ពស់យ៉ាងណា ក៏យើងនៅតែគ្រូពេទ្យ ដូច្នេះក្នុងនាមជាគ្រូពេទ្យ ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមានគុណធម៌ ចេះទាំងសង្គ្រោះ និងមើលថែអ្នកជំងឺដោយក្ដីសណ្ដោសអាណិតមេត្ដា ដើម្បីការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ»។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាជន និងសម្តែងនូវការកោតសរសើរផងដែរដល់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យគ្រប់ថ្នាក់ ដែលបានខិតខំបំពេញការងារកន្លងមក និងបានរួមគ្នារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យអាណត្តិទី៤ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង ពិសេសក្នុងបេសកកម្មជាគណៈគ្រូពេទ្យកម្ពុជា។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរម្លឹកថា ដូចនីតិកាលមុនៗដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់វិស័យសុខាភិបាល ព្រមទាំងបានកំណត់ថា សុខភាពរបស់ប្រជាជនជាស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមានចក្ខុវិស័យរយៈពេលវែងគឺ «ប្រជាជនកម្ពុជាទាំងអស់មានសុខភាព និងសុខុមាលភាពកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន»។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ការចូលរួមរបស់តួអង្គពាក់ព័ន្ធ ពិតជាមានសារៈសំខាន់ជាសារវន្ត ដល់ការបង្កើនភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាជន ព្រោះការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាភាពប្រឈមចម្បងសម្រាប់អ្នកជំងឺ អតិថិជន និងសមត្ថភាពនិយ័តកម្មរបស់ក្រសួងសុខាភិបាល ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ ពិសេសគណៈវិជ្ជាជីវៈសុខាភិបាល ដែលជាតួអង្គសំខាន់ក្នុងការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលឹកដល់អង្គពិធី ត្រូវអនុវត្តឱ្យបានសុក្រឹត និងពេញលេញនូវបែបបទ និងនីតិវិធីនៃការបោះឆ្នោត។ ចំពោះអ្នកចូលរួមបោះឆ្នោត ត្រូវពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន។ ហើយចំពោះអ្នកជាប់ឆ្នោត ត្រូវបំពេញការងារ ឱ្យបានសមស្របតាមព្រះរាជក្រឹត្យ ច្បាប់ និងឯកសារគតិយុត្ត ជាធរមានស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត។
ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិក សមាជិកានៃគណៈគ្រូពេទ្យកម្ពុជា ដោយត្រូវពង្រឹងបន្ថែមផងដែរ៖
* ការចុះបញ្ជិកា ផ្តល់អាជ្ញាបណ្ណ និងបន្តសុពលភាពអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត
* ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត
* ត្រួតពិនិត្យជាប្រចាំនូវសម្បទាក្នុងការប្រកបវិជ្ជាជីវៈ និងធ្វើការពិនិត្យរាល់បណ្តឹង ឬការរាយការណ៍ដែលពាក់ព័ន្ធនឹងសម្បទាក្នុងការប្រកបវិជ្ជាជីវៈ
* ពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសត្រូវបំពេញការងារជិតស្និទ្ធជាមួយក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត និងអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់។
* ជាគណៈគ្រូពេទ្យកម្ពុជា ត្រូវមានកាលះបង់ មានការទទួលខុសត្រូវ និងធ្វើឱ្យសង្គមទទួលស្គាល់ «ជារួម៖ តូនាទីរបស់គណៈគ្រូពេទ្យ គឺបម្រើភាពត្រឹមត្រូវរបស់គ្រូពេទ្យ សំដៅអត្ថប្រយោជន៍របស់អ្នកជំងឺ»
* ត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រកបមុខរបរវិជ្ជាជីវៈ ហើយត្រូវធ្វើបទបង្ហាញឱ្យគាត់ដឹងអំពីច្បាប់ ក្រមសីលធម៌វេជ្ជសាស្ត្រ គរុកោសល្យ និងវិន័យ ដល់អ្នកជំងឺ ក្នុងការបម្រើសេវាឱ្យមានគុណភាព៕