(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែររបស់លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលមានលោក ឈឹម ស្មាក់ ជាបេក្ខភាពរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ប៉ែន ចាន់រ៉ា ជាបេក្ខភាពអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម
បានប្រកាសរំលាយអង្គការចាត់តាំងរបស់ខ្លួន និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូប្រកាសផ្ដាច់ខ្លួន លោក ឈឹម ស្មាក់ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបាទ ឈឹម ស្មាក់ ជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាល បច្ចុប្បន្នរស់នៅខេត្តព្រះវិហារ ហើយខ្ញុំសុំសេចក្តីប្រណី សុំទោសដល់សម្តេចពុក និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកន្លងមកខ្ញុំបានខុសឆ្គងជ្រុលដើរផ្លូវខុស ដូចនេះក្នុងពេលឥលូវនេះខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងប្រទេសជាតិ ដើម្បីសន្តិភាពខ្មែរ និងខ្មែររួបរួមគ្នា»។
ដោយឡែកលោក ប៉ែន ចាន់រ៉ា បានរៀបរាប់ដែរថា «ខ្ញុំបានសូមគោរពដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ខ្ញុំបាទ ប៉ែន ចាន់រ៉ា រស់នៅខេត្តស្វាយរៀង ខ្ញុំបាទមានតួនាទីជាបេក្ខភាពអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម សូមសំណូមពរដល់សម្តេចពុក និងសម្តេចបវរធិបតី មេត្តាជួយកូនចៅផង ដែលកូនចៅដើរខុស បានចូលរួមជាមួយចលនារណសិរ្សយរំដោះជាតិខ្មែរ ដែលមានលោក សម សេរី ជាប្រធាន ចឹងហើយខ្ញុំបានសូមសម្តេចជួយកូនចៅផង ដែលកូនចៅដើរផ្លូវខុស កូនចៅសូមចូលរួមជីវភាពជាមួយសម្តេច ហ៊ុន សែន និងសម្តេចបវរធិបតី»។
ការប្រកាសផ្ដាច់ខ្លួនរបស់មេចលនាប្រឆាំងមួយទៀតបន្ថែមនេះ ស្របពេលដែលប៉ុន្មានកន្លងទៅ លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស បានប្រកាសរំលាយ រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលខ្លួនបានបង្កើតឡើង និងបានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕