(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ ចម្រើនព្រះបរិត្តលើករាសី និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ និងសុំជួយដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាល ឱ្យបានជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួនឆ្នាំ២០២៥នេះ។
ក្នុងពិធីសូត្រមន្ត ប្រោះព្រំចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មីនេះ ដោយបានប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃចំនួន ៥ អង្គ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ ដោយបានធ្វើពិធីបូជាទៀនធូប ថ្វាយផ្កាភ្ញី ដល់ព្រះពុទ្ឋរូប សុំពរជ័យ សិរីមង្គលសព្វសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសូមឱ្យជួបតែសេចក្តីសុខសប្បាយជារៀងរហូតជានិរន្តន៍តទៅ។
ក្នុងពិធីនេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំឱ្យមានការសម្ដែងរបាំត្រុដិ ដើម្បីទទួលអំណរសាទរ និងសុំសេចក្តីសុខ ចម្រើនសិរីក្នុងឆ្នាំថ្មី ដោយមានការអញ្ជើញទស្សនាពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ប្រកបដោយភាពសប្បាយរីករាយ។
សូមបញ្ជាក់ដែរថា ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកងកម្លាំងតុបតែងភ្លើងចំរុះពណ៌ ទង់ជាតិ ទង់ជ្វាលា គោមសម្អរ ស្បៃរំយោល លើកកម្ពស់សោភ័ណភាព និងរៀបចំសម្តែងនូវរបាំត្រុដិ ដើម្បីសុំសេចក្តីសុខសប្បាយបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ លើករាសីសម្រាប់ឆ្នាំថ្មី ព្រមទាំងរៀបចំគ្រឿង រណ្តាប់ ផ្កាភ្ញីសែនព្រេន ទទួលទេវតាឆ្នាំថ្មី តាមទំនៀមទម្លាប់របស់ប្រជាជនខ្មែរយើង ៕