(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី រួមនឹងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញ អុជធូប ថ្វាយគ្រឿងសក្ការៈ នៅទីតាំងស័ក្តសិទ្ធចំនួន ៣កន្លែង ដើម្បីសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្ស៉ាញ់ សប្តស័ក. ព. ស២៥៦៩ គ. ស២០២៥ ដែលនឹងឈានមកដល់នាពេលខាមុខនេះ។
សូមបញ្ជាក់ថា នៅទីតាំងស័ក្តសិទ្ធចំនួន ៣កន្លែងរួមមាន៖ នៅអាស្រម លោកតាជួង លោកតាខាំឡែន (លោកតាបឹងកន្សែង) លោកតាឡោន (លោកតាបឹងយក្ខឡោម) និងព្រះពុទ្ធរូប លើកំពូលឥសីបតមៈ(ភ្នំស្វាយ)។
នៅក្នុងឱកាសនេះលោកណាប់ ប៊ុនហេង និង លោកញ៉ែម សំអឿន និងលោកស្រីព្រមទាំងមន្ត្រី បានអញ្ជើញចូលរួមលំអោនកាយវាចារចិត្ត គោរពបួងសួងបារមី លោកតា បឹងកន្សែង លោកតា បឹងយក្ខលោម និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក គុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំង ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី តាមជួយអភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ អស់លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋនៅទូទាំងខេត្ត បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងសម្រេចរាល់បំណងប្រាថ្នា សូមឲ្យបានទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត។
ជាពិសេសសុំឱ្យព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តរតនគិរី រយៈពេល៣ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះប្រព្រឹត្តិទៅដោយភាពជោគជ័យ សេរីមង្គល ដ៏បវរប្រកបតាម សេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ទាំងអស់ផងដែរ៕